ភ្នំពេញ៖ ចាប់ពីថ្ងៃទី27 ខែមីនា ឆ្នាំ2023 តទៅ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និងមករវាងប្រទេសកម្ពុជា និងប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការបើកដំណើរការជើងហោះហើរថ្មីនេះត្រូវបានរំពឹងទុកថានឹងរឹតបន្តឹងទំនាក់ទំនងមុខជំនួញ ការវិនិយោគ វប្បធម៌ និងទេសចរណ៍របស់ទីក្រុងទាំងពីរឱ្យកាន់តែមានភាពប្រសើរឡើង។
ភ្នំពេញ គឹជារាជធានីនៃប្រទេសកម្ពុជា ព្រមទាំងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ផងដែរ។ ទោះបីជាទីក្រុងនេះមានភាពអ៊ូរអរ និងមមាញឹកបន្តិចមែន ប៉ុន្តែវាក៏មានភាពទាក់ទាញមួយបែប។ អ្នកដំណើរនឹងឃើញពីភាពស្រស់ស្អាតនៃការលាយចូលគ្នារវាងទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រ និងអាគារទំនើបស៊ីវិល័យ។ ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ខ្មែរដោយការទទួលទានមុខម្ហូបប្រពៃណីខ្មែរ ទស្សនាល្ខោន និងរបាំខ្មែរ ព្រមទាំងដើរកំសាន្តតាមទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ រត្តភ្នំ មាត់ទន្លេជាដើម។ ខណៈពេលនោះដែរ ពួកគេក៏អាចជ្រើសរើសយកការបរិភោគអាហារបែបប្រណិត បន្ធូរភាពតានតឹងជាមួយការស្ប៉ា និងម៉ាស្សា ដើរទិញទំនិញម៉ាកល្បីៗ ព្រមទាំងស្នាក់នៅសណ្ឋាគារប្រណិតៗលំដាប់ខ្ពស់ផងដែរ។

ប៉េកាំង គឺជារដ្ឋធានី ជាទីបណ្តុំនៃសេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ ការអប់រំ ព្រមទាំងជាមជ្ឈមណ្ឌលនៃការទំនាក់ទំនង និងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនផងដែរ។ ជារៀងរាល់ឆ្នាំ ទីក្រុងប៉េកាំងបានទាក់ទាញបេះដូងភ្ញៀវទេសចរណ៍រាប់សិបលាននាក់ពីជុំវិញពិភពលោក ដោយសារតែការរួមបញ្ចូលគ្នាយ៉ាងល្អនៃវប្បធម៌ អរិយធម៌បុរាណដ៏សម្បូរបែប និងការអភិវឌ្ឍដ៏ជឿនលឿននៃទីក្រុងនេះ។ កន្លែងទេសចរណ៍ល្បីៗនៅប៉េកាំងរួមមានមហាកំផែងនៃប្រទេសចិន ទីក្រុងហាមឃាត់ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។
ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ នឹងផ្តល់កាលវិភាគនៃការហោះហើរ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ រហូតដល់ថ្ងៃទី14 ខែមេសា ឆ្នាំ2023 ហើយនឹងបន្តបន្ថែមកាលវិភាគនៃការហោះហើររហូតដល់៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និងអាទិត្យចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2023តទៅ។
ជើងហោះហើរ KR991 នឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង 7:50 នាទីព្រឹក ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 1:30 នាទីរសៀល ខណៈពេលដែលជើងហោះហើរត្រឡប់មកវិញ KR992 នឹងចាកចេញពីប៉េកាំងនៅម៉ោង 2:30 នាទីរសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង 6:15 នាទីល្ងាច (ម៉ោងនៅក្នុងស្រុក)។ ជើងហោះហើរនេះ នឹងមានការចូលរួមដំណើរពីសំណាក់អ្នកតំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ និងទទួលស្វាគមន៍ដោយព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីង។
ជើងហោះហើរថ្មីនេះដែរ នឹងត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និងថ្នាក់សេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថា ខេមបូឌា អ៊ែរវ៉េ ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដំបូងបង្អស់ដែលផ្តល់ជូនសេវាកម្មថ្នាក់ធុរកិច្ចដែលរួមបញ្ចូលនូវសេវាកម្មបន្ទប់សម្រាប់អង្គុយរងចាំ (VIP Lounge) អាទិភាពសម្រាប់ដំណើរការនៃការឆែកឯកសារ អាទិភាពសម្រាប់ការឡើងយន្តហោះ ទទួលបានភេសជ្ជៈស្វាគមន៍នៅលើយន្តហោះ អាហារស្តង់ដារថ្នាក់ធុរកិច្ច ការអនុញ្ញាតទម្ងន់អីវ៉ាន់ check-in រហូតដល់ ៤០គីឡូក្រាម ព្រមទាំងអាទិភាពសម្រាប់ការទទួលអីវ៉ាន់ពេលចុះពីយន្តហោះផងដែរ។





ស្វាគមន៍មកកាន់ការហោះហើរជាលើកដំបូងរបស់ជើងហោះហើរ ភ្នំពេញ-ប៉េកាំង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជា!

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
កញ្ញា ទេពសេដ្ឋា ពនិតា បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ
លេខទូរស័ព្ទ៖ +855 93 434 879
អ៉ីមែល៖ teppeak[email protected]
គេហទំព័រ៖ www.cambodia-airways.com