កម្ពុជា៖ កីឡាករបាល់ទះម្ចាស់អាវលេខ ៩ របស់កម្ពុជាកីឡាករ វឿន វាសនា ត្រូវបានទទួលដំណឹងថា រូបគេនឹងផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទះមួយនៅក្នុងប្រទេសតៃវ៉ាន់ បន្ទាប់ពីបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍ Asian Game។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា វឿន វាសនា ដែលបច្ចុប្បន្នជាកីឡាកររបស់វិសាខា គឺធ្លាប់បានក្លិប Lavie Long An របស់ប្រទេស វៀតណាម ចុះកុងត្រាផ្ទេរទៅកាន់ទីនោះចំនួន ២ ដងរួចមកហើយ ជាមួយនឹងកំណត់ត្រាមិនធ្លាប់មាននៅប្រទេសកម្ពុជា ដោយពេលនោះរូបគេទទួលបានជាង ២ ម៉ឺនដុល្លារអាមេរិកឯណោះ។
ត្រឡប់មកកាន់ស្រុកកំណើតមិនទាន់បានប៉ុន្មានផង វឿន វាសនា ឥឡូវនេះនឹងទទួលបានឱកាសផ្លាស់ទៅលេងនៅក្រៅប្រទេសម្តងទៀត ដោយរូបគេនឹងទៅក្រេបយកបទពិសោធន៍ថ្មីនៅក្នុងប្រទេស តៃវ៉ាន់ ហើយបើតាមការបញ្ជាក់ដោយអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោកបណ្ឌិត អាំង សិរីពិសិដ្ឋ គឺវាសនា នឹងទទួលបានប្រាក់ឈ្នួលខ្ពស់កប់ពពករហូតដល់ទៅជាង ១០ ម៉ឺនដុល្លារអាមេរិកឯណោះ ជាមួយនឹងកុងត្រារយៈពេល ២ ឆ្នាំ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកនៃពានរង្វាន់ Asian Games ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិ ឥណ្ឌា ចាប់ពីម៉ោង ៦ ល្ងាចតទៅ។
ប្រភព៖ អាំង សិរីពិសិទ្ធ