កម្សាន្ត៖ ដូចអ្នកគាំទ្របានដឹងរួចមកហើយថា វង្ស តារារតនា ជាតារាចម្រៀងរ៉កដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស និយមច្រៀងបទបែបស្រែកៗ តុងខ្ពស់ៗ ស្ទើរបែកឆាក និងនិយមលេងស្ទីលទុកពុកចង្កាបែបកាចៗ ប៉ុន្តែស្រាប់តែមកបាក់ស្បាតច្រៀងលែងចេញពេលមកប្រកួតក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧។ សប្ដាហ៍ទី៣ ក្នុងកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក បានបង្ហាញវត្តមានតារាចម្រៀងរ៉ក វង្ស តារារតនា ក្នុងវិញ្ញាសារ «កៅអីឆ្លងឋាន» ធ្វើឱ្យអ្នកទស្សនាសើចស្ទើររឹងពោះ ព្រោះមិននឹកស្មានថា លោកបែរខ្លាចដល់ថ្នាក់នេះសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបង្ហាញខ្លួនក្នុងរដូវកាលទី៧ នេះ ម្ចាស់បទ «ស៊ូឃ្លាត» បានមកជាមួយឈុតបែបវីរបុរសអ្នកក្លាហានឆ្លងភព ក្នុងទឹកមុខយ៉ាងជឿជាក់ ថែមទាំងអួតថា ធ្លាប់មកប្រកួតរួចហើយ សត្វអ្វីក៏ស្គាល់ដែរ ហាក់មិនខ្លាចមិនញញើត។ យ៉ាងណាមិញអ្វីដែលហួសចិត្តនោះ គ្រាន់តែចាប់ផ្ដើមប្រកួតឱ្យគេងលើកៅអីឆ្លងឋានភ្លាម តារាចម្រៀងរ៉ករូបនេះ ប្រែទឹកមុខមួយរំពេច ហើយពេលចាប់ផ្ដើមច្រៀងគឺស្រែកយកៗគ្មានទប់ទេ ចង់អ្នកណាថាអីក៏ថាទៅស្រែកសិនហើយ បើសត្វពស់មកវើកៗបែបនេះទៅហើយ។ ដំបូងឡើយ វង្ស តារារតនា ថា កៅអីនោះ ជាកៅអីម៉ាស្សាឱ្យខ្លួន តែមិននឹកស្មានថា ជាកៅអីពោរពេញដោយសត្វអសិរពិស ធ្វើឱ្យលោកច្រៀងលែងចេញ ស្រែកផ្អើលឆាកតែម្ដង។
លក្ខខណ្ឌនៅក្នុងកម្មវិធី មិនថាមានរឿងអ្វីកើតឡើងក៏ដោយ សូម! កុំឈប់ច្រៀង ទោះបីខ្លាចញញើតប៉ុណ្ណា អ្នកដែលចូលប្រកួត ត្រូវតែច្រៀងទាល់តែចប់មួយបទ។ មិនខុសអីពី វង្ស តារារតនា ចុងក្រោយស្ទើរស្អកកនិយាយលែងចេញ បង្កឱ្យទស្សនិកជនទស្សនាយ៉ាងសប្បាយរីករាយ។
សម្រាប់រដូវកាលពី ៧នេះ កម្មវិធី Killer Karaoke Cambodia បាននាំយកនូវគំនិតច្នៃប្រឌិតជាច្រើន មិនថាតែវិញ្ញាសារប្រកួត ការតុបតែងឆាក ការរៀបចំខ្លួនរបស់ពិធីករ គណៈកម្មការ និងអ្នកចូលរួមប្រកួត គឺពិតជាប្លែកភ្នែកខ្លាំង អាចស្រូបទាញការគាំទ្រកាន់តែច្រើនពីទស្សនិកជន។ Killer Karaoke Cambodia មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ តាមរយៈទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេកផ្លូវការ Killer Karaoke Cambodia ចាប់ពីម៉ោង ៨យប់តទៅ៕