សៀមរាប៖ បន្ទាប់ពីបានចំណាយពេលវេលាជួសជុលអស់រយៈពេលជាច្រើនខែមក នាចុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយស្រាវជ្រាវ។ ដំណាក់កាលទីពីរ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ បានបញ្ចប់ការងារជួសជុល ធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទបានរឹងមាំជាងពេលមុន ដែលធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រជាញឹកញាប់។
ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល បានបញ្ជាក់ថា ប្រាសាទនេះបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួរប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដូច្នេះចំពោះការងារជួសជុលគឺពង្រឹងរចនាសម្ព័ន្ធនៃជ្រុងដែលបាក់ធ្លាក់ឱ្យរឹងមាំឡើងវិញ ដោយមានជំនួសនូវថ្មថ្មីខ្លះៗ។
លោកម៉ៅ សុខនី បន្ថែមថា មកដល់ពេលនេះ ក្រុមការងារកំពុងរៀបចំជាវង់ទស្សនាសម្រាប់ភ្ញៀវ សម្អាតប្រព័ន្ធលូទឹក ដើម្បីឱ្យហូរចូលទៅក្នុងស្រះផ្នែកខាងជើង និងរៀបចំទីធ្លាប្រាសាទឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីងាយស្រួលភ្ញៀវដើរទស្សនាប្រាសាទ។
សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ។ កសាងឡើងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តរាជ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា






