អ្នកនាំពាក្យ៖ ការបង្ហាញវត្ត​​មាន របស់ហ្វូងដំរីព្រៃ កើនឡើងជាងបណ្តាឆ្នាំមុនៗ នៅតាមតំបន់ការពារធម្មជាតិ

//s9.kh1.co/ad/adc6bbb8c4d33a029227da1416e05bc25518cd7b.png
សង្គម

 ២៥-មេសា-២០២៤ ១០ព្រឹក · ១០ ថ្ងៃមុន

អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថាថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃឬដំរីអាស៊ី បានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី ដែលមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំកន្លងទៅ។

សង្គម៖ លោក ខ្វៃ អាទិត្យាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៤ថាបើតាមមន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ទៅ៥ ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។ អ្នកនាំពាក្យបានបញ្ជាក់ថា៖ "នេះជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ បានធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះបានល្អ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតី ជាពិសេសនៅខេត្តមណ្ឌលគីរី ដែលមានប្រប័ន្ធការពារធម្មជាតិ ដូចជាដែនជម្រកសត្វព្រៃ ស្រែពក ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសេម៉ា ជាដើម"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ខ្វៃ អាទិត្យា
លោក ខ្វៃ អាទិត្យា

អ្នកនាំពាក្យដដែលបានលើកឡើងថា យោងតាមការសិក្សាវិភាគDNAលើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងដៃគូសហការ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។

សូមបញ្ជាក់ថា ដំរីព្រៃឬដំរីអាស៊ី កំពុងរងការគំរាមកំហែងលើដែនជម្រករបស់វាធ្ងន់ធ្ងរ នៅទូទាំងសកលលោក។ ដំរីព្រៃត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។

ម្យ៉ាងទៀត ក្រសួងបរិស្ថានបានបង្កើតផែនការសកម្មភាពអភិរក្សដំរីព្រៃ ២០២០-២០២៩ នេះឡើង ដែលកំណត់នូវបញ្ហាអាទិភាពចំនួន៦ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះពិសេសការបន្តសិក្សាស្រាវជ្រាវនិងតាមដានវត្តមាន និងរបាយរបស់វាតាមរយៈម៉ាស៊ីថតស្វ័យប្រវត្តិ និងការវិភាគDNAលាមកជាដើម។

កន្លងមកនេះ ចំនួនដំរីអាស៊ីនេះហាក់ដូចជាមានចំនួនកើនឡើងដោយសារតែពេលថ្មីៗ បានរកឃើញដំរីដើរជាហ្វូងចាប់ពី១០ រហូតដល់ជាង ២០ក្បាល ហើយក្នុងមួយហ្វូងក៏ឃើញមានវត្តមាន កូនដំរីដែលទើបនឹងកើតនិងមានវ័យជំទុង មានចំនួនច្រើននៅក្នុងហ្វូងរបស់វា។

អ្នកនាំពាក្យដដែលបានលើកឡើងទៀតថាដើម្បីធានាថាដំរីអាស៊ីទទួលបានការការពារហ្មត់ចត់ និងអាចមានឱកាសបង្កើនចំនួនរបស់វានៅក្នុងធម្មជាតិឡើងវិញបន្ថែមទៀត សម្រាប់បន្សល់ទុកជាកេរមរកតដល់មនុស្សជំនាន់ក្រោយ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសង្កត់ធ្ងន់លើមុំយុទ្ធសាស្រ្តអាទិភាព៣ គឺស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងការកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងបង្កើនការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដាំឈើឱ្យបានច្រើននៅតាមមូលដ្ឋាន និងដាំស្តារព្រៃរេចរឹល បង្កើនភាពបៃតងនិងឈានទៅសម្រេចគម្របព្រៃ កើនឡើងឱ្យបាន ៦០% នៃផ្ទៃប្រទេសត្រឹមឆ្នាំ២០៥០៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T