បរទេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងកំណត់ផែនការដ៏ធំ ដោយត្រៀមចុះកុងត្រាយកខ្សែបម្រើសញ្ជាតិ ប្រេស៊ីល តម្លៃ ១០០ លានផោន ឬប្រមាណជា (១២៧.៧៥ លានដុល្លារអាមេរិក) ម្នាក់នៅរដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីរដូវកាល ២០២៣-២០២៤ ដែលទើបតែបញ្ចប់ថ្មីៗនេះ ក្រុម Man City ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola ក៏ទទួលបាននូវភាពជោគជ័យគួរសមផងដែរ ដោយពួកគេបានក្លាយជាម្ចាស់ពាន Premier League ជាលើកទី ១០ នៅក្នុងប្រវត្តិសាស្ត្រក្លិប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះពួកគេកំពុងតែស្វះស្វែងរកកីឡាករថ្មីដែលមានសក្តានុពលបន្ថែមទៀត ដើម្បីមកពង្រឹងក្រុមឱ្យកាន់តែខ្លាំងសម្រាប់រដូវកាលក្រោយ ២០២៤-២០២៥។
យោងតាមការចុះផ្សាយដោយអ្នកជំនាញលោក Ben Jacobs បានឱ្យដឹងថា Man City គឺជាក្រុមដែលសក្តិសមបំផុតសម្រាប់ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល Bruno Guimaraes ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លិប Newcastle United នៅរដូវកាលនេះ។
ប្រភពដដែលបានបន្ថែមថា ក្លិប Man City ក៏បានទាក់ទងដោយផ្ទាល់ទៅកាន់ Bruno Guimaraes ហើយដែរ ដើម្បីបញ្ចុះបញ្ចូលឱ្យរូបគេផ្លាស់មកកាន់ទឹកដី Etihad Stadium។
គួរបញ្ជាក់ថា ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះ គឺនៅសល់កុងត្រារយៈពេល ៤ រដូវកាលទៀតជាមួយ Newcastle ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨ ហើយតម្លៃផ្ទេររបស់គេបច្ចុប្បន្ន គឺមានតម្លៃដល់ទៅ ១០០ លានផោន ឬប្រមាណជា (១២៧.៧៥ លានដុល្លារអាមេរិក) ឯណោះ៕
ប្រភព៖ Sportbible