រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការស្នាមញញឹមនៃកុមារ (PSE) ដាំកូនឈើ ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ គំនិតផ្តួចផ្តើមនេះដែលជាផ្នែកមួយនៃការគាំពារបរិស្ថានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស គឺជាការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់គោលដៅនិរន្តរភាពបរិស្ថានរបស់ប្រទេសកម្ពុជា និងស្របតាមទស្សនវិស័យរបស់ក្រសួងបរិស្ថានដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាល្ងឹមដែលស្រប និងគាំទ្រដល់ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីក្នុងអំឡុងពេលរុក្ខទិវាដែលមានព្រះរាជបន្ទូលបញ្ជាក់អំពីសារសំខាន់នៃការសាមគ្គីគ្នាដាំកូនឈើ និងតួនាទីរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការការពារព្រៃឈើរបស់ជាតិ និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
មានមតិអំពីគំនិតផ្តួចផ្តើមដាំកូនឈើ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍ រក្សាការប្តេជ្ញាចិត្តរបស់ខ្លួនជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បង្កើនភាពបៃតង និងលើកស្ទួយសុខុមាលភាពសម្រាប់ក្មេងៗជំនាន់ក្រោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងដាំកូនឈើ និងផ្សារភ្ជាប់ជាមួយសហគមន៍ យើងជួយទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុក្នុងប្រទេសសកម្ពុជា និងគាំទ្រដល់ទស្សនវិស័យរបស់ជាតិក្នុងការសម្រេចឱ្យបាននូវគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០”។
កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ២០០ នាក់រួមទាំងអភិបាលរងស្រុកឱរ៉ាល់ ប្រធានការិយាល័យអប់រំស្រុកឱរ៉ាល់ បុគ្គលិកណាហ្គាវើលដ៍ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីអង្គការ PSE និងសាលាបឋមសិក្សាល្ងឹមនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ កម្មវិធីដែលដឹកនាំដោយសិស្សានុសិស្សមកពីអង្គការ PSE និងគាំទ្រដោយបុគ្គលិកណាហ្គាវើលដ៍នេះ ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសក្នុងការលើកស្ទួយសិស្សឱ្យជួយការពារបរិស្ថានផងដែរ។
អ្នកស្រី រដ្ឋា សុផារី អ្នកគ្រប់គ្រងបរិស្ថាននៃកម្មវិធីអប់រំបរិស្ថានរបស់អង្គការ PSE បានឱ្យដឹងថា “កម្មវិធីនៅថ្ងៃនេះក៏ជាវេទិកាដែលគាំទ្រដល់ភាពអ្នកដឹកនាំ និងការគាំពារបរិស្ថានផងដែរ។ ដោយមានការណែនាំ និងគាំទ្រពីណាហ្គាវើលដ៍បេះដូងសប្បុរស សិស្សានុសិស្ស ៣៤ នាក់មកពីក្លឹបសិក្សាបរិស្ថានរបស់អង្គការយើង ត្រូវបានផ្តល់ឱកាសក្លាយជាពិធីករ-ពិធីការិនី អ្នកធ្វើបទបង្ហាញ និងអ្នកសម្របសម្រួលកម្មវិធី។ ពួកយើងមិនត្រឹមតែដាំកូនឈើប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើអ្នកពាក់ព័ន្ធ និងបរិស្ថានទៀតផង”។
ដើមឈើដែលត្រូវបានដាំថ្មីៗ មិនត្រឹមតែពង្រីកទីតាំងបៃតង និងម្លប់ដ៏ត្រជាក់នៅក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបណ្តុះនូវគុណតម្លៃបរិស្ថានដល់សិស្សានុសិស្សក្មេងៗផងដែរ ខណៈពួកគេប្តេជ្ញាជួយថែរក្សា និងការពារកូនឈើទាំងនោះឱ្យដុះលូតលាស់បានល្អ។
បញ្ជាក់អំពីការថ្លែងអំណរគុណ លោកស្រី ផល ចន្ធី អភិបាលរងស្រុកឱរ៉ាល់ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងអង្គការ PSE ដែលបានជ្រើសរើសស្រុកឱរ៉ាល់ជាទីតាំងសម្រាប់ដាំកូនឈើ។ កូនឈើ ៧០០ ដើមដែលបានដាំនៅសាលាបឋមសិក្សាល្ងឹម មិនត្រឹមតែធ្វើឱ្យសាលារៀនស្រស់បំព្រងប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថានក្នុងចំណោមសិស្សានុសិស្សផងដែរ។ វាមានសារសំខាន់ណាស់សម្រាប់ក្មេងៗជំនាន់ក្រោយក្នុងការអនុវត្តវប្បធម៌ដាំកូនឈើដើម្បីធានាបាននូវអនាគតប្រកបដោយនិរន្តរភាព”។
គួរដឹងថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីបុគ្គលិក និងសហគមន៍ឱ្យចូលរួមការពារបរិស្ថានយ៉ាងសកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាពលរដ្ឋប្រមាណ ៤៤.០០០ នាក់តាមរយៈសកម្មភាពចំនួន ១៥០ ដែលបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម៕