ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ដើម្បីរៀបចំ “វេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ” នៅឯសណ្ឋាគារ Hyatt Regency ភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេទិកានេះបានសបញ្ជាក់អំពីសារៈសំខាន់នៃសុវត្ថិភាពអនឡាញខណៈដែលប្រទេសកម្ពុជាកំពុងខិតខំជំរុញសង្គមឌីជីថល និងធានាបាននូវប្រព័ន្ធអនឡាញដែលមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
វេទិកាសុវត្ថិភាពអនឡាញឆ្នាំ២០២៤ នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ទាំងអស់គ្នាឆ្ពោះទៅសុវត្ថិភាពលើអុីនធឺណិត” ដោយបានប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗមកពីវិស័យនានាៗ រួមមានក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ អ្នកបង្កើតមាតិកា និងសិស្សានុសិស្ស។ វេទិកានេះបានធ្វើការជជែកវែកញែកពីហានិភ័យអនឡាញ ស្វែងរកដំណោះស្រាយ ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលលើការការពារតាមប្រព័ន្ធអុីនធឺណិត។
លោក Sharif Lukman Mahfoedz ប្រធានផ្នែកធុរកិច្ច (CBO) នៃក្រុមហ៊ុន Smart Axiata បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាសុវត្ដិភាពលើអុីនធឺណិត។ លោកមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ដែលមានឱកាស សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក្នុងការប្រារព្ធកម្មវិធីនេះឡើង។ វេទិកាបែបនេះបានផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការជួបពិភាក្សា និងស្វែងយល់អំពីដំណោះស្រាយចំពោះហានិភ័យនៃអុីនធឺណិត”។
ប្រធានផ្នែកធុរកិច្ចរូបនេះក៏បានបន្ដលើកឡើងពីសារៈសំខាន់នៃការបង្កើតឱ្យបាននូវវេទិការអនឡាញមួយប្រកបដោយសុវត្ថិភាព និងការកំណត់គោលដៅ ដើម្បីបង្កើតបានអនាគតមួយដែលគ្រប់គ្នាអាចទទួលបានឱកាសលូតលាស់ក្នុងពិភពឌីជីថល។
ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារកុមារដែលជាអនាគតប្រទេសជាតិ តាមរយៈការធ្វើឱ្យប្រព័ន្ធអនឡាញកាន់តែមាន សុវត្ថិភាពសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ពួកគេ។ ជាផ្នែកមួយនៃការបោះជំហានឆ្ពោះទៅរកកិច្ចការពារកុមារកម្ពុជា ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ Action Pour Les Enfants Cambodia (APLE) ក្នុងវេទិការនេះផ្ទាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
APLE គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានបេសកកម្មផ្ដោតសំខាន់លើកិច្ចការពារកុមារពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទគ្រប់ទម្រង់ តាមរយៈកម្មវិធីអន្តរាគមន៍ផ្សេងៗ។ កិច្ចសហការនេះមានគោលបំណងបញ្ឈប់ការរំលោភបំពាន ជួយកុមារទប់ស្កាត់ការកេងប្រវ័ញ្ចបន្ត និងបង្កើតប្រព័ន្ធអុីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏បានសម្ដែងការប្ដេជ្ញាចិត្តក្នុងការបង្កើតប្រព័ន្ធឌីជីថលដែលមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា “ការរក្សាសន្តិសុខ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញទាមទារការចូលរួមពីភាគីពាក់ព័ន្ធ។ វិស័យឯកជន ពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ត្រូវអនុវត្តបច្ចេកទេសទាំងឡាយដែលការពារសុវត្ថិភាពសេវា និងអ្នកប្រើប្រាស់របស់ខ្លួន។ ក្នុងនោះផងដែរ អ្នកប្រើប្រាស់ត្រូវយល់ដឹងពីសារសំខាន់ៗនៃសុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងរបៀបការពារ។”
លោកសំលៀង សីលា នាយកប្រតិបត្តិ APLE Cambodia បានលើកឡើងថា “ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពជាដៃគូសហការរវាងស្ថាប័នឯកជន និងសាធារណៈដ៏រឹងមាំ ក្នុងការការពារកុមារតាមអុីនធឺណិត។ ការប្រើប្រាស់ធនធានរួមរបស់ពួកយើងនឹងជួយដល់ការបង្កើតប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងផ្ដល់អាទិភាពចម្បងចំពោះសុវត្ថិភាពរបស់កុមារនៅរាល់សកម្មភាពផ្ដួចផ្ដើមទាំងអស់”។
ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានការប្ដេជ្ញាក្នុងការផ្ដល់អាទិភាពដល់សុខសុវត្ថិភាពរបស់អតិថិជន ស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ខ្លួន។ ក្រុមហ៊ុននេះបានអនុវត្តវិធានការសុវត្ថិភាពតាមអុីនធឺណិតដ៏រឹងមាំ ក្នុងនោះរួមមាន Next Generation Signaling Firewall (NGSF) និង Intrusion Detection System (IDS) ដើម្បីការពារបណ្ដាញ និងទិន្នន័យរបស់អតិថិជនរបស់ខ្លួននៅដើមឆ្នាំ2024។
ក្រុមហ៊ុន Smart Axiata មានការទទួលស្គាល់ស្ដង់ដារពិភពលោក ISO 27001:2013 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន និងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌសន្តិសុខតាមអុីនធឺណិត NIST រួមទាំងការអនុវត្តសំខាន់ៗសម្រាប់សុវត្ថិភាពអុីនធឺណិត។ ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពឌីជីថលក្រុមហ៊ុន Smart នឹងបន្ដណែនាំសេវាកម្ម និងផលិតផលរបស់ខ្លួនដែលប្រកបដោយនវានុវត្តន៍ ដើម្បីការពារអតិថិជនគ្រប់ៗរូប។