ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ប្រទេសកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៅក្រុងសៀមរាប ខេត្តសៀមរាប ។អ្វីគួរកត់សម្គាល់និងជាមោទកភាពជាតិ កម្ពុជាគឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលមួយនេះ។គណៈប្រតិភូមកពី ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាជ្ញាធរមីន ក៏នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» នៅថ្ងៃពុធទី២០ ខែវិច្ឆិកា ខាងមុខនេះនាទីស្នាក់ការកណ្ដាល។តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងកាលពីពេលកន្លងទៅថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា មានគណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន ៥២៣ នាក់បានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពិសេសៗដែលកម្ពុជាបានរៀបចំ។ ជាមួយគ្នានេះ ស្ថានទូត និងកុងស៊ុលកិត្តិយសចំនួន ១៥ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជាជាច្រើន ក៏បានបញ្ជាក់ពីការចូលរួមផងដែរ។
ទាក់ទងនឹងសកម្មរបស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យមីននេះផងដែរ ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១ឆ្នាំនេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំប្រមាណ៦០ លើក ។ជាលទ្ធផលសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ នឹងត្រូវចុះហត្ថលេខាអនុម័តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងកម្មវិធីបើកកិច្ចប្រជុំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នឹងត្រូវអនុម័តដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផែនការសកម្មភាពនេះ នឹងក្លាយជាត្រីវិស័យតម្រង់ទិសសម្រាប់ការអនុវត្តវិស័យសកម្មភាពមីនដល់គ្រប់ភាគីពាក់ព័ន្ធ។
គួររំលឹកថា អង្គសន្និសីទរដ្ឋភាគីលើកទី២១នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានបោះឆ្នោតជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។
កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅរៀងរាល់៥ឆ្នាំម្តង ។កម្ពុជាគឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ ។ កិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ ២០០៤ ,លើកទី២នៅប្រទេសកូឡុំប៊ីឆ្នាំ២០០៩ ,លើកទី៣នៅប្រទេសម៉ូសំប៊ិកឆ្នាំ២០១៤ ,លើកទី៤នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជាឆ្នាំ២០២៤ នេះ។
សម្រាប់កិច្ចប្រជុំនេះដែរ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះគ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣ រួម មាន ៖១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា។២.ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖បោសសម្អាតមីនប្រឆាំងមនុស្ស និង ៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។កម្ពុជានឹងរៀបចំឱ្យមានជាសេចក្តីថ្លែងការណ៍ស្តីពីផែនការសកម្មភាព៥ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តដោយមានឈ្មោះថា “សេចក្តីថ្លែងការណ៍សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan" ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។
កម្ពុជាត្រូវបានប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ាផ្តល់កិត្តិយសថាជាប្រទេសគំរូក្នុងការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ។បច្ចុប្បន្នកម្ពុជាក៏បានក្លាយទៅជាប្រទេសដែលចែករំលែកបទពិសោធន៍ក្នុងការបោសសំអាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រទេសនានាលើពិភពលោកនិងចូលរួមដោះមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញឱ្យពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស៕
ប្រភព៖ ក្រសួងព័ត៌មាន