ភ្នំពេញ៖ ១៣ចំណុច ដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពី ការពិន័យទោសទណ្ឌពីរដ្ឋបាលសារពើពន្ធ។
ការដាក់ពិន័យទោសទណ្ឌគឺជាវិធានការចាំបាច់មួយ ដើម្បីជំរុញការអនុវត្តកាតព្វកិច្ចនិងលើកកម្ពស់អនុលោមភាពសារពើពន្ធ ក្នុងនោះ មាត្រា២២៥ នៃច្បាប់ស្តីពីសារពើពន្ធបានកំណត់ ១៣ចំណុចដែលត្រូវបានចាត់ទុកជាអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារចំណុចទាំងនោះរួមមាន៖
១-ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត
២-ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី
៣-ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ
៤-ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ
៥-ការមិនបានចេញវិក្កយបត្រ
៦-ការមិនផ្តល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ
៧-ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជីកាគណនេយ្យឬឯកសារផ្សេងៗ ៨- ការមិនបានរក្សាបញ្ជីកាគណនេយ្យនិងឯកសារផ្សេងៗទៀត
៩-ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ ១០- ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ
១១-ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជីកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ
១២-ការចេញវិក្កយបត្រក្លែងបន្លំ
១៣-ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)