គម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីភ្នំពេញ និងតំបន់ជុំវិញខេត្តកំពង់ស្ពឺ សម្រេចបាន ៩៧%

//s9.kh1.co/1d/1dc8a496a4466ff3f076ead9856ec80bea5c8f96.png
Khmerhome

 ២៥-វិច្ឆិកា-២០២៤ ៩ព្រឹក · ២ ម៉ោងមុន

វឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច នៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៩៧%។

https://s9.kh1.co/__image/w=650,h=366,q=100/1d/1dc8a496a4466ff3f076ead9856ec80bea5c8f96.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពង់ស្ពឺ៖ វឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច នៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៩៧%។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងខាងលើ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/d7/d7c8e561ee7b71549ad70fe1afa2e0c905b51b95.jpg

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គម្រោងនេះមិនត្រឹមតែជួយរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតតាមស្ទឹងតូចប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពទឹកដែលបម្រើឱ្យអន្តរវិស័យ ជាពិសេសបម្រើឱ្យការងារស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងជាតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ហើយខ្នងទំនប់នឹងប្រើជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ការងារដឹកជញ្ជូន និងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

https://s9.kh1.co/__image/w=650,h=434,q=100/44/44caffdb419c45b749288e57dba628e4015094ae.jpg

លោក រដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះពិនិត្យជាក់ស្តែងការងារសាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹកស្ទឹងតូច ស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ដែលមានតួនាទីសម្រាប់គណៈកម្មការសហគមន៍កសិករប្រើប្រាស់ទឹកប្រើប្រាស់ជាការិយាល័យធ្វើការ ជាពិសេសសម្រាប់ការងារប្រតិបត្តិការបញ្ជា និងបិទបើកទ្វារទឹកស្ទឹងតូច។

https://s9.kh1.co/__image/w=650,h=434,q=100/41/41e3c58091f06653321efcf7bde3eb6e3eaf1aba.jpg

សំណង់អគារនេះមានទទឹង ៨ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ មានបន្ទប់ធ្វើការមួយ និងសាលប្រជុំរួមមួយ គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ ៨០%។

https://s9.kh1.co/__image/w=650,h=434,q=100/84/84393198b7073a0d06b2e04107596f2415b70526.jpg

បើតាម លោក ថោ ជេដ្ឋា អនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។

https://s9.kh1.co/__image/w=650,h=366,q=100/36/36d4c805229d1cdedd85161da6d81bc1e2c4abd7.jpg

ការងារសំខាន់ៗមានដូចជា ទី១-ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងទី២-សាងសង់សំណង់សិល្បការ្យចំនួន ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹកធំ ១កន្លែង កម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៧%។ ជាការគូសបញ្ជាក់ លោក ថោ ជេដ្ឋា។

https://s9.kh1.co/__image/w=650,h=366,q=100/64/644317732119a11614f7c7d08998d54dadf69e70.jpg

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមការងារសាងសង់ និងក្រុមការងារបច្ចេកទេសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញពន្លឿនការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធបន្តចូលរួមសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការងារសាងសង់សម្រេចបានជោគជ័យ។

https://s9.kh1.co/__image/w=650,h=434,q=100/09/099e5b94ca3184691b09e297443e95e2525300b7.jpg

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ស្ទឹងព្រែកត្នោតចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះ មានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕

https://s9.kh1.co/__image/w=650,h=434,q=100/1c/1c5ae74f27ab27c502f82dfcaa6902c43d55dd09.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T