ព្រះសីហនុ៖ រយៈពេល ១១ខែ ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣ គម្រោង ស្មើនឹង ២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០គម្រោង មានទុនវិនិយោគ ៦ ០២៦លានដុល្លារ លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១ ០០០លានដុល្លារ។
លោក ហ៊ាន សាហ៊ីប ទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” រយៈពេល ១១ខែ ឆ្នាំ២០២៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
បើតាមកិច្ចប្រជុំនេះ ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣គម្រោង ស្មើនឹង ២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០គម្រោង មានទុនវិនិយោគ ៦ ០២៦លានដុល្លារ លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១ ០០០លានដុល្លារ និងប៉ាន់ស្មានអាចបង្កើតការងារ ឬត្រូវការកម្មករ និយោជិតចំនួន ៣៩ ៥៧៨កន្លែង លើសសូចនាករសមិទ្ធកម្ម កំណត់ត្រឹម ៥ ០០០កន្លែង រួមមាន៖
គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១០៣គម្រោង ស្មើនឹង ៤៨% មានទុនវិនិយោគសរុប ២៥១០លានដុល្លារ ប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤ ៥៥៨កន្លែង
គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៨៦គម្រោងស្មើនឹង ៤០% មានទុនវិនិយោគសរុប ២ ៦៩៩លានដុល្លារ ប៉ាន់ស្មានអាចបង្កើតការងារចំនួន ៣០ ២៣១កន្លែង
ការពង្រីកគម្រោងចំនួន ១៧គម្រោង ស្មើនឹង ៨% មានទុនវិនិយោគសរុប ៧៦៨លានដុល្លារ ប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤ ៧៤៨កន្លែង
គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន ៧គម្រោងស្មើនឹង ៣% មានទុនវិនិយោគសរុប ៣០លានដុល្លារ ប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤១កន្លែង។
បើតាមគម្រោងទាំងនេះ គ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អចលនទ្រព្យ (អគារពហុមុខងារ និង គម្រោងអភិវឌ្ឍលំនៅឋាន) មាន ៨៦គម្រោង ស្មើនឹង ៤០% ទុនវិនិយោគ ២១៥៥លានដុល្លារ, ទេសចរណ៍ ៦០គម្រោង ស្មើនឹង ២៨% ទុនវិនិយោគ ២ ១៨១លានដុល្លារ, ឧស្សាហកម្ម ៣៥គម្រោង ស្មើនឹង ១៦% ទុនវិនិយោគ ១ ១៩០លានដុល្លារនិងវិស័យផ្សេងទៀត ៣២គម្រោង ទុនវិនិយោគ ២៣៧លានដុល្លារ។
ដោយឡែក គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្នុងចំណោម ១៦៥គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គម្រោងបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ ២៨គម្រោង ស្មើនឹង ២៣%, គម្រោងកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៦៩គម្រោង ស្មើនឹង ៤២% និងគម្រោងមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៥៨គម្រោងស្មើនឹង ៣៥%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)