វត្តវិហារសសរ១០០ ជារមណីយដ្ឋានសំបូរទៅដោយសម្បត្ដិវប្បធម៌ប្រវត្តិសាស្ត្រ

//s9.kh1.co/7a/7a413e449cf4fb87f48bf25af12f2beac4d4bb35.jpg
សង្គម

 ០៣-មករា-២០២៥ ៣ល្ងាច · ២ ថ្ងៃមុន

វត្តវិហារសសរ១០០ ជារមណីយដ្ឋានសំបូរទៅដោយសម្បត្ដិវប្បធម៌ប្រវត្តិសាស្ត្រ

ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា វត្តវិហារសសរ១០០ ជារមណីយដ្ឋាន សំបូរទៅដោយសម្បត្ដិវប្បធម៌ប្រវត្តិសាស្ត្រ ដែលបន្សល់ទុកជាស្នាដៃមរតកវប្បធម៌ដ៏មានតម្លៃ របស់ បុព្វបុរសខ្មែរ និងជាទីសក្ការៈបូជា បន់ស្រន់សុំសេចក្តីសុខ របស់បងប្អូនប្រជាពលរដ្ឋ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា វត្តវិហារសសរ១០០ ជាវត្តចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ ទី១៦ ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបន្តថា វត្តវិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូង ក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជុលជាបន្ត បន្ទាប់ ព្រះវិហារត្រូវបានកសាងឡើងវិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបន្តទៀតថា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះអាចឡើងព្រះវិហារធំ ដើម្បីទស្សនាសសរព្រះវិហារ, ចូលចាក់គម្ពីរ នៅលើព្រះវិហារធំ, ទស្សនាកន្លែងគំនូរប្រវត្តិសាស្ត្រវត្តវិហារសសរ១០០ ដែលតំណាលអំពីរឿងក្រពើនេនធន់, ទស្សនាចេតិយបុរាណដែលមានបញ្ចុះអដិ្ឋធាតុសែរាជវង្សខ្មែរ ជាពិសេសអដ្ឋិធាតុបុត្រីរបស់ព្រះបាទចន្ទរាជា នៅខាងមុខព្រះវិហារធំ និងអាចទស្សនាមណ្ឌលអភិរក្សអណ្តើក-កន្ធាយមេគង្គផងដែរ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានបញ្ជាក់ថា វត្តនេះមានលក្ខណៈពិសេសមួយ លើផ្នែកព្រះពុទ្ធ សាសនាគឺមានវត្តចំនួន០៤កន្លែង មានព្រះវិហារដែលមានព្រះពុទ្ធបដិមាបែរព្រះភក្រ្តទៅរកទិសធំៗទាំង០៤គឺ វិហារសសរ១០០ បែរព្រះភក្រ្តទៅទិសខាងជើង, វិហារគោក បែរព្រះភក្រ្តទៅទិសខាងកើត, វិហារលាវ បែរព្រះភក្រ្តទៅទិសខាងលិច និងគោកវិហារ បែរព្រះភក្រ្តទៅទិសខាងត្បូង។

« វត្តនេះគឺមានសក្តានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រផង មួយទៀតអ្វីដែលសំខាន់គឺជាវត្តដែល ចំណាស់ ហើយកសាងឡើងដោយមានក្បូរក្បាច់រចនាសព្វគ្រប់បែបយ៉ាង ពីដើមវត្តហ្នឹងមានសសរ១០០ អ៊ីចឹងវាពិសេសប្លែកជាងគេត្រង់ថាមានសសរច្រើន។

អ៊ីចឹងគេចង់ដឹងថាហេតុអីបានមានសសរច្រើនហើយសាងសង់យ៉ាងម៉េចៗអីទើបគេចូលទៅមើលឃើញជាក់ស្តែងនឹងភ្នែកហើយមានដានប្រវត្តិសាស្ត្រច្បាស់លាស់ មានសសរឈើដែលនៅសេសសល់ ហើយគណៈកម្មការ អាចារ្យ គេតម្កល់ទុកដើម្បីភ្ញៀវទេសចរបានទៅមើលនិងចេតិយព្រះនាងវរភក្រ្ត គឺកំពុង តែទទួលបានការគោរពបូជាពីសំណាក់អ្នកទេសចរជាតិនិងអន្តរជាតិ ហើយថ្នាក់ដឹកនាំធំៗក៏អញ្ជើញទៅហ្នឹង ហើយជាសក្តានុពលដែលទាក់ទាញសម្រាប់តំបន់ហ្នឹង »។

សូមបញ្ជាក់ថា វត្តវិហារសសរ១០០ មានទីតាំងស្ថិតនៅក្បែរមាត់ទន្លេមេគង្គត្រើយខាងកើត ក្នុងឃុំសំបូរ ស្រុកសំបូរ ចម្ងាយពីទីរួមខេត្តក្រចេះ៣៦គីឡូម៉ែត្រ។ ដើម្បីទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ចាស់ ជាផ្លូវកៅស៊ូសល់ពីសម័យសង្គមរាស្ត្រនិយម តាមបណ្តោយមាត់ទន្លេ ពីទីរួមខេត្តក្រចេះ និងឆ្ពោះទៅដល់ស្រុកសំបូរ៕ ដោយ យី វិច្ឆិកា

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T