បរទេស៖ កាលពីថ្ងៃទី ៤ ខែ មករា កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីបុគ្គលឆ្នើមចំនួន ១៩ រូប ដែលនឹងទទួលបានមេដាយកិត្តិយស Presidential Medal of Freedom ខណៈក្នុងចំណោមនោះក៏មានវត្តមានខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Lionel Messi ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមេដាយ Presidential Medal of Freedom នេះ គឺជាមេដាយដែលមានកិត្តិយសខ្ពស់បំផុតនៅក្នុងប្រទេស សហរដ្ឋអាមេរិក ហើយបុគ្គលដែលអាចទទួលបានមេដាយនេះ ទាល់តែជាបុគ្គលដែលបានសាងស្នាដៃធំជូនសហរដ្ឋអាមេរិក និងពិភពលោក ឬជាបុគ្គលដែលបានចូលរួមចំណែកសកម្មនៅក្នុងកិច្ចការសង្គមផ្សេងៗ។
យ៉ាងណាមិញ មូលហេតុដែលខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៧ ឆ្នាំមានកិត្តិយសទទួលបានមេដាយនេះ គឺដោយសារគាត់ត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ដែលមានភាពគម្រូបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ម្យ៉ាងទៀត គាត់គឺជាបុគ្គលម្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម តាមរយៈការជួយគាំទ្រលើគម្រោងថែទាំសុខភាព និងការអប់រំលើកុមារនៅទូទាំងពិភពលោកតាមរយៈមូលនិធិ Leo Messi ហើយមួយវិញទៀត គាត់ក៏ជាទូតសុឆន្ទៈរបស់អង្គការ UNICEF Goodwill ផងដែរ៕
ប្រភព៖ The White House