នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។ ក្រោយត្រួតពិនិត្យក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបន្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពាក់ព័ន្ធការងារខាងលើលោកសាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាន បញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមករាឆ្នាំ២០២៥ នេះថា៖ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ ៦០ម៉ែត្រហៅផ្លូវសម្ដេចតេជោហ៊ុន សែន ខាងលើ នេះ ឯកឧត្ដមប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននិងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើស ល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរុឹងជាងមុន។ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏ នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងពេលថ្ងៃ។
លោកប្រធានមន្ទីរបន្តថា៖ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុប មែកសឺដែសដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងឱកាសនោះដែរឯកឧត្ដមរដ្ឋមន្ត្រីនិងឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕ ដោយ៖ វិទ្យុជាតិកម្ពុជា