ចាប់តាំងពីឆ្នាំ២០០៦ គម្រោងបានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤គីឡូម៉ែត្រក្រឡា អ្នកទទួលផលចំនួនជាង ១,២លាននាក់

//s9.kh1.co/66/6699a5ec6733aa9d2de1b9a9b4ebf88872f3cad9.jpg
Khmerhome

 ២៤-មករា-២០២៥ ១០ព្រឹក · ៥ ម៉ោងមុន

ចាប់តាំងពីឆ្នាំ២០០៦ គម្រោងបានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២លាននាក់។

https://s9.kh1.co/__image/w=650,h=434,q=100/89/8929aae07c7e1c4fac1049fad171f0ee7de78e8d.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០០៦ គម្រោងបានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២លាននាក់។ បើតាម អាជ្ញាធរមីន និង UNDP ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក Shin YongHwa នាយកភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី Sandra Martinovic តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Dana Avram លេខាទូតទី១នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ព្រមទាំងមានការចូលរួមពីក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន តំណាង សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានលើកឡើងអំពីសមិទ្ធផលនៃសកម្មភាពមីននៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ៣.២៩៧គីឡូម៉ែត្រក្រឡា។

 ផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។ តាមការបញ្ជាក់ លោក លី ធុជ បានបន្តថា ក្នុងនោះ សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មកបានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២លាននាក់ ព្រមទាំងត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។

លោក ក៏បានថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ។

នាឱកាសកិច្ចប្រជុំនេះ លោកស្រី Alissar Chaker បានកោតសើរការដឹកនាំរបស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដោយគូសបញ្ជាក់ថា សកម្មភាពមីនជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ ​ឆ្នាំ​២០២៥ ការ​ចំណាយ​លើ​សម្រាប់​គម្រោង​នេះ​មាន​ទឹក​ប្រាក់​ជាង ៦លាន​ដុល្លារ។

ជាមួយគ្នានេះ តំណាងស្ថានទូតដែលជាម្ចាស់ជំនួយក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោង ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងប្តេជ្ញាបន្តការគាំទ្រសកម្មភាពមីននៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T