អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៤ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមការផ្សាយក្នុងបណ្តាញសង្គមក្រសួងបរិស្ថាននាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
ប្រភពដដែល បានបន្តថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើដល់ សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។
ជាមួយគ្នានេះ សូមស្នើដល់អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុល ដូចជាសម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ ដោយ៖ កន ចំណាន ប្រភព៖ ក្រសួងបរិស្ថាន