គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅ ។តាមរយៈការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះគ្រឹះស្ថានអង្គររំពឹងថា នឹងទទួលបានកំណើនទេសចរ និងចំណូលកើនឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងខែមករាមានទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងរកចំណូលបានចំនួន ៦ ៩០៣ ៣៨០ ដុល្លារកើន២៥,៥៦ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរចំនួន ១៧ ៥៤០ ដុល្លារពីទេសចរបរទេស ៦៨៩នាក់។
ដោយឡែក ការលក់សំបុត្រទូកនាខែមករា ទទួលបានចំណូលចំនួន១២០ ៧១៧ដុល្លារ ។រីឯចំណូលពីការលក់សំបុត្រភ្នំក្បាលស្ពានចំនួន៦៤០ដុល្លារពីទេសចរ១២៨នាក់។
ក្នុងខែមករានេះដែរ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផារយៈមានចំនួន ២៩២ ២៨០ ដុល្លារ។
កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះដែរ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។តាមរយៈទម្រង់ថ្មីនេះ ជាវិធីសាស្រ្តងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ តាមរយៈប្រព័ន្ធកម្មវិធីទូរស័ព្ទដៃ AE Mobile និងគេហទំព័រ Angkor Enterprise® ។
មានការរំពឹងថា តាមរយៈការកែទម្រង់ប្រព័ន្ធលក់សំបុត្រនេះ រមណីយដ្ឋានអង្គរនឹងទទួលបានកំណើនទេសចរនិងចំណូលបន្ថែមទៀត។
គួររំលឹកថា ឆ្នាំ២០២៤កន្លងទៅ គ្រឹះស្ថានអង្គរលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងប្រាក់ចំណូលចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ។តួលេខនេះបង្ហាញថា ភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ ខណៈចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ២៨,៥៧ភាគរយ ៕ ផ្សាយ៖ កន ចំណាន