
ភ្នំពេញ៖ ក្រុមហ៊ុន Chilwee Group ផលិតអាគុយដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងឈានមុខគេនៅប្រទេសចិន មានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង ប្រទេសចិន ដឹកនាំដោយលោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយ។

បើតាមជំនួបនេះ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គលេខាធិការបានមានមតិស្វាគមន៍ ចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។
លោក ជា វុទ្ធី បានលើកទ្បើងពីសក្តានុពលក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេស ការកែច្នៃស្វាយចន្ទី និងខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា ដែលបច្ចុប្បន្នស្វាយចន្ទីគឺជាវិស័យដែលមានសក្តានុពលក្នុងការវិនិយោគ និងជាដំណាំកសិកម្មដែលអាចទាញយកផលប្រយោជន៍ជាអតិបរិមា។

រីឯវិស័យថាមពល ក្រុមហ៊ុនអាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ ជាការបន្ថែម លោក ជា វុទ្ធី ក៏បានធ្វើការលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
លោក លាន់ អ៊ីនតុង បានថ្លែងអំណរគុណដល់ អគ្គលេខាធិការ ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។
លោក បានបង្ហាញចំណាប់អារម្មណ៍ថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាមការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)