ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី កើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង និងក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត។ សម្រាប់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានទៅទស្សនាព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរ បានលើកឡើងថា ជារាងរាល់ឆ្នាំពួកគាត់តែងតែក្រោកពីយប់មកអង្គុយរងចាំទស្សនា ថតរូបព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ដ៏អស្ចារ្យនេះ ពីព្រោះមិនមានប្រទេសណាមានព្រឹត្តិការណ៍បែបនេះដូចយើងនោះទេ ព្រោះអង្គរវត្តមានតែកម្ពុជាមួយគត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើសមរាត្រីនារដូវប្រាំងត្រូវនឹងខែមីនា មានកិច្ចពិធីអ្វីខ្លះតាមទំនៀមព្រាហ្មណ៍នៅសម័យបុរាណ? សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា "វិសុវ" (បើសរសេរតាមភាសាបច្ចុប្បន្ន ជា "ពិសុព") ដែលអ្នកប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរដែរមកហើយ។
បុរាណវិទូ អ៊ឹម សុខរិទ្ធី ជាទីប្រឹក្សាបច្ចេកទេស នៃក្រមប្រឹក្សាសេដ្ឋកិច្ច សង្គមនិងវប្បធម៌ នៃគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណារឿងនេះ យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិចឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។
នាថ្ងៃវិសុវ/ពិសុព វសន្តរដូវ៖ ទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្វពិធីបុណ្យមួយយ៉ាងធំ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀង រាំ យ៉ាងត្រេកអរ ដោយយកម្សៅពណ៌មកបាច និងលាបដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយដើម្បីអបអរសារទជ័យជំនៈរបស់ព្រះនរាយណ៍ ដែលបានតំណែងខ្លួនជាអវតារមានទម្រង់ជានរសឹង្ហ ដែលបានសម្លាប់យក្សកំណាចដ៏ធំមួយ បានបំផ្លាញផែនដីមានឈ្មោះថា ហិរណ្យកស៊ីពុ ( Hiranyakashipu)។
ទី២. ព្រឹត្តិការណ៍សមរាត្រីនេះ អាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជំនះរបស់ព្រះនរាយណ៍ដែរ គឺព្រះគ្រឹស្ណដែលជាអវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកំចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍ ប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។
ទី៣. ថ្ងៃវិសុវ/ពិសុពនេះក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះឥសូរនិងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា "អឌ្ឍនារីស្វរ" (Ardhanarishvara)។ ខ្មែរបុរាណនិយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះនៅមុនសម័យអង្គរនិងសម័យអង្គរ។
ទី៤ ចំពោះប្រពៃណីធ្វើយោគ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ពីការធ្វើយោគ ជាងវេលាណាៗទាំងអស់។ បើពិចារណាលើករណីពិធីខាងលើ នោះយើងឃើញមានទាក់ទងនឹងព្រះនរាយណ៍ជាពិសេស។ អង្គរវត្តសាងទ្បើងជាទេវឋានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា "ព្រះបរមវិស្ណុលោក"។ ដូច្នេះ ថ្ងៃរះចំកំពូលកណ្តាលអង្គរវត្តពេលសមរាត្រីនារដូវប្រាំងនេះ ទំនងជាមានទាក់ទងនឹងកិច្ចពិធីខាងលើដែរហើយ។
សូមជម្រាបថា ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះតែងតែបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ គឺជាវេលាមង្គលដ៏ធំមួយនៃប្រពៃណីខ្មែរបុរាណ៕ ដោយ ឃុត សៅ
ប្រភព៖ ក្រសួងព័ត៌មាន


