អង្គការ FOUR PAWS អំពាវនាវឱ្យមានការចូលរួម៖ យុទ្ធនាការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែនៅប្រទេសកម្ពុជា

//s9.kh1.co/e5/e5caa07a1f71efb2efdf5820fc8e5ad65bd170dd.png
សង្គម

 ២២-មីនា-២០២៥ ៧ល្ងាច · មួយថ្ងៃមុន

ជារៀងរាល់ឆ្នាំ សត្វឆ្កែប្រមាណ បីលានក្បាល ត្រូវបានសម្លាប់យ៉ាងឃោរឃៅសម្រាប់ការជួញដូរ និងការបរិភោគ។

ជារៀងរាល់ឆ្នាំ សត្វឆ្កែប្រមាណ បីលានក្បាល ] ត្រូវបានសម្លាប់យ៉ាងឃោរឃៅសម្រាប់ការជួញដូរ និងការបរិភោគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមីនា ២០២៥ - អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS បានបើកដំណើរការយុទ្ធនាការបន្ទាន់មួយ ដើម្បីអំពាវនាវ និងជំរុញឱ្យមានការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែនៅកម្ពុជា ដោយបានដាក់ឈ្មោះយុទ្ធនាការនេះថា “នេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាន”។ យុទ្ធនាការនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាយ៉ាងច្រើន (៩០%) គាំទ្រឱ្យមានការហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ជាមួយនឹងស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលអំពីភាពឃោរឃៅនៃការជួញដូរ និងការបដិសេធថានេះមិនមែនជាផ្នែកមួយនៃវប្បធម៌ខ្មែរនោះទេ។ យុទ្ធនាការនេះអំពាវនាវឱ្យប្រជាជនកម្ពុជា បង្ហាញនូវជំហរ និងចូលរួមចុះឈ្មោះលើលិខិត  ដើម្បីស្នើសុំទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ឱ្យចាត់វិធានការលើការជួញដូរមួយនេះ។

រូបភាព
រូបភាព

លោកវេជ្ជបណ្ឌិត Karanvir Kukreja ប្រធានយុទ្ធនាការប្រចាំអាស៊ីអាគ្នេយ៍ (សត្វចិញ្ចឹម) នៃអង្គការ FOUR PAWSមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់សត្វឆ្កែ នេះជារឿងដ៏គួរឱ្យសោកស្ដាយខ្លាំងណាស់ ក្នុងការឃើញនូវការឈឺចាប់ ដែលបណ្តាលមកពីការជួញដូរសាច់សត្វឆ្កែនៅក្នុងកម្ពុជា។ យុទ្ធនាការនេះ មិនមែនគ្រាន់តែជាការជំរុញការបញ្ឈប់ការជួញដូរដ៏ឃោរឃៅនោះទេ ប៉ុន្តែគឺដើម្បីបង្ហាញនូវសំឡេងរបស់ប្រជាជនកម្ពុជាភាគច្រើនដែលប្រឆាំងនឹងការជួញដូរនេះ។ ភាពមិនស្របគ្នានៃការជួញដូរសាច់សត្វឆ្កែ និងតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា បានជំរុញយើងអំពាវនាវឱ្យមានការផ្លាស់ប្តូរ (បញ្ឈប់ការជួញដូរ)។ យើងឈរជាមួយប្រជាជនកម្ពុជាក្នុងការជំរុញឱ្យមានការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីការពារសត្វចិញ្ចឹមទាំងនេះ និងរក្សានូវវប្បធម៌ដ៏ល្អថ្លៃថ្លាររបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។”

ការពិតគួរឱ្យភ្ញាក់ផ្អើល៖ ភាពឃោរឃៅ និងហានិភ័យសុខភាពសាធារណៈ

ក្នុងមួយឆ្នាំៗ សត្វឆ្កែប្រមាណ ៣លានក្បាល ត្រូវបានចាប់ ដឹកជញ្ជូន និងសម្លាប់យកសាច់នៅក្នុងប្រទេសកម្ពុជា។ សត្វឆ្កែទាំងនេះភាគច្រើន គឺជាសត្វចិញ្ចឹម ដែលត្រូវបានគេលួចយកទៅ ហើយទទួលរងនូវការបំពាន ធ្វើបាបយ៉ាងឃោរឃៅ និងត្រូវបានសម្លាប់ដោយវិធីគ្មានមនុស្សធម៌ ដូចជា ការដុតភ្លើង ការឆក់ដោយអគ្គីសនី និងការជ្រមុជទឹក ជាដើម។ បន្ថែមពីលើភាពឃោរឃៅនេះ ការជួញដូរនេះក៏បង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយរួមចំណែកដល់ការរីករាលដាលនៃជំងឺឆ្លងពីសត្វទៅមនុស្ស (zoonotic diseases) ដូចជាជំងឺឆ្កែឆ្កួត។

អំពាវនាវកម្រិតជាតិឱ្យមានការផ្លាស់ប្តូរ (បញ្ឈប់ការជួញដូរសាច់ឆ្កែ)៖ ទិដ្ឋភាពច្បាប់ និងវប្បធម៌

ការស្ទង់មតិ ដែលធ្វើឡើងដោយអង្គការ FOUR PAWS បង្ហាញថា ៩០% នៃប្រជាជនកម្ពុជាគាំទ្រឱ្យមានការហាមឃាត់លើការជួញដូរនេះនៅកម្ពុជា។ ជាមួយគ្នានេះ ៨៦​% ចង់ឱ្យរាជរដ្ឋាភិបាលចាត់វិធានការ និង ៩៤% នៃប្រជាជនកម្ពុជាបាននិយាយថាការទទួលទានសាច់ឆ្កែមិនមែនជាផ្នែកនៃវប្បធម៌ខ្មែរទេ ដូច្នេះមិនគួរមានបរិភោគសាច់ឆ្កែនោះទេ។

“ដោយបានឃើញការជួញដូរនេះដោយផ្ទាល់ ខ្ញុំដឹងថានេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាភាគច្រើនយល់ស្រប ឬចង់បានជាផ្នែកមួយនៃប្រទេសកម្ពុជា ដ៏ស្រស់ស្អាតរបស់យើងនោះទេ។ ក្លិន រូបភាព សំឡេងដែលឈឺចាប់ វាពិតជាមានសភាពឃោរឃៅខ្លាំងណាស់ និងមិនមែនជាផ្នែកមួយនៃវប្បធម៌របស់យើងនោះទេ។ ប្រជាជនកម្ពុជា មានចិត្តល្អ និងរួសរាយរាក់ទាក់ ហើយយើងបានឃើញម្តងហើយម្តងទៀតថា ប្រជាជនកម្ពុជាភាគច្រើនចង់ឱ្យការជួញដូរនេះត្រូវបញ្ចប់។ សូមទុកការជួញដូរនេះជាផ្នែកនៃអតីតកាល ហើយធ្វើការរួមគ្នាដើម្បីអនាគតដ៏ថ្លៃថ្លា” មតិរបស់ លោក ប៊ន ប៊ុនឈាង មន្ត្រីផ្នែកយុទ្ធនាការ។

ការចូលរួមគាំទ្រយុទ្ធនាការនេះ

អង្គការ FOUR PAWS អំពាវនាវដល់ប្រជាជនកម្ពុជា និងអ្នកស្រលាញ់សត្វទាំងក្នុង និងក្រៅប្រទេស  ចូលរួមគាំទ្រយុទ្ធនាការនេះ តាមរយៈការចុះឈ្មោះលើលិខិត  និងចែករំលែកវាបន្តជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារ បណ្តាញសង្គម និងតាមដានសកម្មភាពរបស់អង្គការ FOUR PAWS នៅលើបណ្តាញសង្គម ដោយធ្វើការឆ្លើយតប បញ្ចេញមតិ និងចែករំលែកព័ត៌មាន នានាលើបណ្តាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តអ្នកដទៃឱ្យចូលរួមក្នុងការគាំទ្រផងដែរ។ យុទ្ធនាការ "នេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាននោះទេ" នឹងដំណើរការពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ជាមួយសកម្មភាពជាច្រើនទាំងក្នុងបណ្ដាញសង្គម និងផ្ទាល់ ទៅកាន់អ្នកស្រឡាញ់សត្វចិញ្ចឹម សិស្សានុសិស្ស និងប្រជាជនកម្ពុជាទូទៅ។ ជាលទ្ធផល យើងនឹងចងក្រងជារបាយការណ៍សង្ខេប បង្ហាញជូនរាជរដ្ឋាភិបាល ] ដើម្បីបង្ហាញអំពីការគាំទ្រ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាក្នុងចង់ឃើញការហាមឃាត់ការជួញដូរសាច់ឆ្កែ ។

ព័ត៌មានបន្ថែម៖

ជារៀងរាល់ឆ្នាំ សត្វឆ្កែ និងឆ្មាប្រមាណ ៣០លាន  ក្បាលត្រូវបានចាប់ ដឹកជញ្ជូន និងសម្លាប់យកសាច់ នៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី។ ភាគច្រើនសត្វទាំងនេះ គឺជាសត្វចិញ្ចឹម សត្វនៅក្នុងសហគមន៍ ឬសត្វអនាថា ដែលត្រូវបានចាប់ ដើម្បីផ្គត់ផ្គង់ការជួញដូរ។ ទំហំការជួញដូរ និងការការឈឺចាប់ដែលបណ្តាលមកពីការជួញដូរ ធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាសុខុមាលភាពរបស់សត្វដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងអាស៊ី និងប្រហែលជាអាចទូទាំងពិភពលោកផងដែរ។ ដំណាក់កាលនីមួយៗនៃការជួញដូរ ដូចជា ការស្វែងរកសត្វ ឬប្រភពសត្វឆ្កែឆ្មា ការដឹកជញ្ជូន ការលក់ និងការសម្លាប់ ពាក់ព័ន្ធនឹងអំពើឃោរឃៅធ្ងន់ធ្ងរ កង្វះខាតការអនុវត្តអនាម័យ និងការការពារសុខភាពសម្រាប់ទាំងសត្វ និងមនុស្ស។ ទាំងនេះរួមមាន ក) សត្វដែលត្រូវគេចាប់នៅតាមផ្លូវ, ខ) ត្រូវបានវាយចាប់ដាក់ចូលបាវ, គ) ដាក់ចូលទៅក្នុងទ្រុងចង្អៀត និងដឹកជញ្ជូនរាប់ម៉ោង (រាប់ថ្ងៃដើម្បីឆ្លងកាត់ព្រំដែន), ឃ) ទុកចោលក្នុងទីធ្លាដោយមានអាហារ និងទឹកតិចបំផុត ដោយជាញឹកញាប់បណ្តាលឱ្យស្លាប់មុនពេលសម្លាប់ និង ង) ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅ ជាមួយនឹងវិធីសាស្រ្តប្រឆាំងនឹងក្រមសុខុមាលភាពសត្វដែលទទួលយកជាសកល រួមទាំងការជ្រមុជទឹក ការដុតភ្លើង ការវាយដំ និងការឆក់ដោយអគ្គិសនី ដែលជារឿយៗស្ថិតក្នុងស្ថានភាពគ្មានអនាម័យ ដែលប្រថុយខ្ពស់នឹងការឆ្លងរីករាលដាលនៃជំងឺឆ្កែឆ្កួត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មតិសាធារណៈប្រឆាំងនឹងការជួញដូរសាច់ឆ្កែនៅកម្ពុជាមានការកើនឡើងតាមរយៈសកម្មភាពរបស់អង្គការ FOUR PAWS រួមមានការលើកកម្ពស់ការយល់ដឹងអំពីការជួញដូរ ការអប់រំម្ចាស់សត្វចិញ្ចឹម ការបិទកន្លែងសត្តឃាតឆ្កែ ការជួយសង្គ្រោះសត្វឆ្កែ ការចែករំលែកព័ត៌មានពីប្រទេសផ្សេងៗ និងការធ្វើការជាមួយភាគីពាក់ព័ន្ធ។ ការយល់ដឹងខ្ពស់របស់ប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នៅតែត្រូវការជាចាំបាច់ជាខ្លាំង ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ និងអនុវត្តការហាមឃាត់ការជួញដូរប្រកបដោយប្រសិទ្ធភាព។

យុទ្ធនាការនេះ គឺជាផ្នែកមួយនៃគោលដៅរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីការប្រឆាំងទៅនឹងការជួញដូរសាច់ឆ្កែ និងដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ និងរាជរដ្ឋាភិបាលអំពីការជួញដូរនេះ។ ជាមួយនឹងការប្រឆាំងកាន់តែខ្លាំងឡើងចំពោះការជួញដូរសាច់ឆ្កែ អង្គការ FOUR PAWS អំពាវនាវដល់រាជរដ្ឋាភិបាលជម្រុញឱ្យមានការហាមឃាត់ការជួញដូរដ៏ឃោរឃៅនេះទាំងស្រុង។

FOUR PAWS គឺជាអង្គការសុខុមាលភាពសត្វពិភពលោក ធ្វើកិច្ចការដើម្បីផ្តល់ជំនួយដល់សត្វស្ថិតនៅក្រោមឥទ្ធិពលផ្ទាល់របស់មនុស្ស តាមរយៈការបង្ហាញពីភាពរងទុក្ខ ការជួយសង្គ្រោះសត្វ និងការការពារពួកគេ។ អង្គការ FOUR PAWS បានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៨ នៅទីក្រុងវីយែន ប្រទេសអូទ្រីស ដោយលោក Heli Dungler ដោយមានចក្ខុវិស័យ ក្នុងការផ្តល់ពិភពលោកមួយទៅដល់សត្វ ដែលមនុស្សប្រព្រឹត្តចំពោះសត្វដោយការគោរព ការអាណិតអាសូរ និងការយោគយល់។ យុទ្ធនាការ និងគម្រោងរបស់អង្គការ FOUR PAWS ផ្តោតសំខាន់ទៅលើសត្វចិញ្ចឹម រួមទាំងសត្វឆ្កែ និងឆ្មាអនាថា សត្វកសិដ្ឋាន និងសត្វព្រៃ ដូចជាខ្លាឃ្មុំ ឆ្មាធំ និងសត្វស្វាអ៊ូរ៉ង់អ៊ូតង់ ដែលត្រូវបានចិញ្ចឹមក្នុងស្ថានភាពមិនសមរម្យ ក៏ដូចជានៅក្នុងតំបន់មានគ្រោះធម្មជាតិ និងជម្លោះ។ ជាមួយនឹងការិយាល័យដែលមាននៅក្នុងប្រទេសអូស្ត្រាលី អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី បារាំង អាល្លឺម៉ង់ កូសូវ៉ូ ហូឡង់ ស្វ៊ីស អាហ្រ្វិកខាងត្បូង ថៃ អ៊ុយក្រែន អង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាម ក៏ដូចជាឧទ្យាន ឬជម្រកសម្រាប់សត្វ ដែលត្រូវបានជួយសង្គ្រោះនៅក្នុង ១១​ ប្រទេស ដោយ អង្គការ FOUR PAWS ផ្តល់ជំនួយបន្ទាន់ និងដំណោះស្រាយសម្រាប់ពេលវែង។ www.four-paws.org

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/ba/ba8772a5014b8d9e712c2d9f2b4e1935d13d7747.jpg

រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញសាវាសាធារណៈរថយន្តក្រុង ឥតគិតថ្លៃ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

 ២៣-មីនា-២០២៥ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T