វៀតណាមនាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជាកាលពីឆ្នាំ២០២៤

//s9.kh1.co/83/83b133ac671da5f7bc4d0b88d9b5fa8801dd7057.jpg
សង្គម

 ៣១-មីនា-២០២៥ ៣ល្ងាច · ២ ថ្ងៃមុន

វៀតណាមនាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជាកាលពីឆ្នាំ២០២៤

កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ ការ វិនិ យោគលើផលិត​កម្មកៅស៊ូធម្មជាតិ ក្នុងនេះ ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាក្រុមហ៊ុនវិនិយោគឈានមុខគេ​លើវិស័យ​កៅស៊ូ​ធម្មជាតិ​​​នៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃដីជិត ៩០ ០០០ ហិកតា ជាមួយនឹង​រោងចក្រកែច្នៃចំនួនប្រាំពីរ។ ដោយឡែកក្រុមហ៊ុនវៀតណាមផ្សេងទៀត ទាំងរដ្ឋ និងឯកជនបានវិនិយោគលើ​ផលិតកម្ម​កៅស៊ូធម្មជាតិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤ភាគរយ នៃការនាំ​ចូល​សរុប​របស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារអាមេរិក។ បរិមាណ​នាំចូល​ពីកម្ពុជា​ស្ទើរតែ​ស្មើ​នឹង​ផលិតកម្ម​ក្នុងស្រុក​របស់​​វៀតណាម។នេះបើយោង​ទិន្នន័យគយវៀតណាមបង្ហាញនៅក្នុង​សិក្ខាសាលាស្តីការលើកកម្ពស់ផលិតកម្មកៅស៊ូ ពាណិជ្ជកម្ម និងការវិនិយោគ របស់វៀតណាមនៅកម្ពុជាកាលពីសប្ដាហ៍មុននៅសណ្ឋាគារសាន់ អេន ម៉ូន( Sun&Moon) រាជធានីភ្នំពេញ។

សិក្ខាសាលានេះចូលរួមដោយលោក Phan Tran Hong Van តំណាង​សមាគមកៅស៊ូវៀតណាម (VRA) ,លោក Phuc To មកពីអង្គការ Forest Trends,អ្នកស្រី Mai នៃក្រុមហ៊ុន Mai Vinh ,តំណាងក្រុមហ៊ុន Chu Se Kampong Thom Rubber JSC សមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group), លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាមប្រចាំនៅកម្ពុជា,តំណាងក្រុមហ៊ុនដាំដុះ និងកែច្នៃកៅស៊ូពីកម្ពុជា និង​វៀតណាម ទីភ្នាក់ងារ​អភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល កសិករកៅស៊ូខ្នាតតូច និងអ្នកពាក់ព័ន្ធផ្សេងទៀតដែល​ពាក់ព័ន្ធ​នឹងពាណិជ្ជកម្ម​កៅស៊ូ និងនិរន្តរភាពជាដើម។

ក្នុងសិក្ខាសាលាដដែលក៏បានបង្ហាញឱ្យឃើញផងដែរថា ប្រទេសចិនគឺជាទី​ផ្សារនាំចេញដ៏សំខាន់បំផុតរបស់​វៀតណាម​សម្រាប់កៅស៊ូធម្មជាតិ ។ ភាគ​ច្រើននៃកៅស៊ូធម្មជាតិដែលផលិតនៅវៀតណាម និងនាំចូលពីកម្ពុជា ត្រូវបាន​នាំចេញ​ទៅ​ប្រទេសចិន។ ក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចេញកៅស៊ូធម្មជាតិ ១,៤៥ លានតោនទៅកាន់ប្រទេសចិន ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ។សហភាពអឺរ៉ុប អាមេរិក កូរ៉េ និងជប៉ុន ក៏ជា​ទីផ្សារនាំចេញសំខាន់ៗផ្សេងទៀត​របស់វៀតណាម​ផងដែរ ។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមានគោលបំណងផ្តល់នូវការ​យល់​ដឹងកាន់តែប្រសើរឡើងអំពីការផលិត និង​ពាណិជ្ជ​កម្មកៅស៊ូ និងការ​វិនិយោគ​លើកៅស៊ូនៅក្នុងប្រទេសនីមួយៗនៃប្រទេសកម្ពុជា និងវៀតណាម។ ដើម្បីជូន​ដំណឹង​ដល់ភាគីពាក់ព័ន្ធពីភាគីទាំងពីរទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់​បច្ចុប្បន្ន​រវាងប្រទេសទាំងពីរ រួមទាំងទិដ្ឋភាពស្របច្បាប់ និងនិរន្តរភាពនៃខ្សែច្រវាក់​ទាំងនេះ។ ដើម្បីពិភាក្សាអំពីភាពស្របច្បាប់ និង/ឬហានិភ័យនិរន្តរភាព​ដែលទាក់ទងនឹងកា​រផលិត និងពាណិជ្ជកម្ម និងការវិនិយោគលើកៅស៊ូ​ក្នុងប្រទេសនីមួយៗ និងស្វែងរកឱកាសសម្រាប់កិច្ចសហ​ប្រតិបត្តិការ​នាពេលអនាគត ដើម្បីសម្រួលដល់ការផលិត និងពាណិជ្ជកម្មស្របច្បាប់ និងនិរន្តរភាពរវាងប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T