អាជ្ញាធររាជធានីភ្នំពេញ ៖ ៣ថ្ងៃ មានប្រជាពលរដ្ឋ រួមជាមួយភ្ញៀវទេសចរជាតិ-អន្ដរជាតិ ជិត ៣លាននាក់ ចូលរួមកម្សាន្តសប្បាយសង្ក្រាន្តវត្តភ្នំ

//s9.kh1.co/b7/b780b29d28a1b7ed9ae6f1cf4f55d6ae0e86c8b4.jpg
សង្គម

 ១៧-មេសា-២០២៥ ១២ល្ងាច · ២ ថ្ងៃមុន

អាជ្ញាធររាជធានីភ្នំពេញ ៖ ៣ថ្ងៃ មានប្រជាពលរដ្ឋ រួមជាមួយភ្ញៀវទេសចរជាតិ-អន្ដរជាតិ ជិត ៣លាននាក់ ចូលរួមកម្សាន្តសប្បាយសង្ក្រាន្តវត្តភ្នំ

ភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ប្រមាណជិត៣លាននាក់ បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត "សង្ក្រាន្តវត្តភ្នំ" ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី១៦ មេសា២០២៥ ថា នៅថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន១លាន៥សែននាក់ បាននាំគ្នាមកលេងកំសាន្ត នៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។

រូបភាព
រូបភាព

លោកស្រី អ្នកនាំពាក្យ បានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី១៥ ខែមេសា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺននាក់ នាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។ ដោយឡែកនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិ សម្រុកមកលេងកំសាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ប្រមាណ៤៨ម៉ឺននាក់ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥។

លោកស្រីដោ សម្ផស្ស បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥ មានការកើនឡើងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១ តែចំនួន ៤៨ម៉ឺននាក់ទេ ហើយថ្ងៃទី២ កើនដល់ចំនួន ៨០ម៉ឺននាក់ និងនៅថ្ងៃទី ៣កើនដល់ចំនួន ១លាន៥សែននាក់ ហើយនេះមិនបានរាប់បញ្ជូនសង្ក្រាន តាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ»៕

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T