តុលាការធម្មនុញ្ញថៃសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រីថៃ

//s9.kh1.co/7d/7d1d478aa4c5f6ffb645b3b77f2df9453dde99c2.jpg
សង្គម

 ០២-កក្កដា-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

តុលាការធម្មនុញ្ញថៃសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រីថៃ

កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ បានសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដោយរង់ចាំការពិចារណាទៅលើសំណុំរឿងប្រឆាំងនឹងលោកស្រីពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសមួយជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចៅក្រមតុលាការធម្មនុញ្ញទាំងប្រាំបួនរូប បានសម្រេចចិត្តជាឯកច្ឆ័ន្ទទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាប្រឆាំងនឹងលោកស្រី ផែថុងថាន ដែលបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ការពិចារណា និងព្យួរតួនាទីរបស់លោកស្រីពីតំណែងនេះជាបណ្តោះអាសន្នដោយសំឡេងប្រាំពីរទល់នឹងពីរ។

ញត្តិដែលផ្តួចផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាចំនួន ៣៦រូបនោះ បានស្នើឱ្យតុលាការស៊ើបអង្កេតទៅលើការលេចធ្លាយខ្សែអាត់សំឡេងនៃការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ផែថុងថាន និងសម្តេចតេជោ ហ៊ុន សែន ហើយបានស្វែងរកការព្យួរតួនាទីរបស់លោកស្រីដោយរង់ចាំសេចក្តីសម្រេចរបស់តុលាការ។

តុលាការធម្មនុញ្ញបានបញ្ជាឱ្យលោកស្រី ផែថុងថាន ធ្វើការបំភ្លឺជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ១៥ថ្ងៃ។

លោកស្រី ផែថុងថាន នៅតែស្ថិតក្នុងគណៈរដ្ឋមន្ត្រីថៃដដែល ពីព្រោះកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានការអនុម័តពីព្រះមហាក្សត្រថៃទៅលើសមាជិកនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ដែលនៅក្នុងនោះ លោកស្រីត្រូវបានផ្តល់តួនាទីពីរ ដែលធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ៕

https://s9.kh1.co/__image/w=650,h=396,q=100/7d/7d1d478aa4c5f6ffb645b3b77f2df9453dde99c2.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T