ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង?

//s4.kh1.co/c3/c3a0c32d3f2eeb5902a01985ba13125518e8a2d2.jpg
នារី

 ០៨-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

គ្នា​យើង​ច្រើន​ណាស់​យក​ចិត្ត​ទុកដាក់​ថែទាំ​សក់ ឯ​ខ្លះ​ទៀត​អត់​សូវ​ខ្វល់ ឬ​មិន​ដឹង​របៀប​។ សក់​ស្អាតមិន​មែន​សំដៅ​លើ​សក់​ភ្លី​ខ្ញង់មិន​បាក់​ទេ តែ​ចង់​បញ្ជាក់​ពី​សុខភាព​សក់ និង​ស្បែក​ក្បាល។ សក់​ធ្ងន់ រលាស់ មិន​ជ្រុះ មិន​ឡើង​អង្គែ មិន​ស្ងួត​បែក​ចុង ជា​អី​ដែល​គ្នា​យើងចង់​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មាន​កត្តា​ច្រើនបង្ក​បញ្ហា​ដល់​សក់ដូចជា ​ប្រើ​ផលិតផល​អត់​ត្រូវ​សាច់​ក្បាល ឬ​សក់ បញ្ហា​តំណពូជ ​បញ្ហា​អ័រម៉ូន​អត់​ទៀង ​អាហារ​​ញ៉ាំ​រាល់​ថ្ងៃ កត្តា​ស្ត្រេស​ពិបាក​ចិត្ត​ច្រើន។ រៀបរាប់​គគោក​នេះ ​ដឹង​ហើយ តែ​ត្រូវ​ធ្វើ​ម៉េចចឹង?

១- ប្រើម្ស៉ៅកូនក្មេង

បើ​​​គ្មាន​ពេល​​​​កក់​សក់​ទេ​ សូម​យក​ម្ស៉ៅកូន​ក្មេង​ត្រាំ​ទឹក​រហូត​ឡើង​ប្រេង ​រួច​យក​មក​លាប​លើ​សក់ ​ហើយ​ញី​ឲ្យ​សព្វ​ដល់​គល់​សក់​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​ ៥ នាទី ចាំ​សិត​សក់​យក​ភ្លី តាម​ម៉ូដ​ដែល​ស្រឡាញ់។​ ​នេះ​ជា​ជម្រើស​ល្អមួយ​សម្រាប់​សក់​​សម្បូរ​ជាតិ​ប្រេង។

២- សាកប្រើសាប៊ូស្ងួត

ដូច​គ្នា​នឹង​ម្សៅ​កូន​ក្មេង​ដែរ ​សាប៊ូ​ស្ងួត​គ្រាន់តែ​ជួយ​ដោះស្រាយ​បញ្ហា​សក់​មាន​ជាតិ​ប្រេង​លើស​កម្រិត​សម្រាប់​ស្រីៗរវល់​ច្រើន។ សាប៊ូ​ប្រភេទ​នេះ​មិន​ត្រឹម​ជួយ​ស្រូប​យក​ជាតិ​ប្រេង​ហួស​កម្រិត​ទេ ព្រមទាំង​ធ្វើ​ឲ្យ​​សក់​មាន​ក្លិន​ឈ្ងុយ​ទៀត​ផង។ វា​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​យប់។ សូម​​ចាំ​ថា​ ត្រូវ​ធ្វើ​តេស្ដ​សិន​មុន​ប្រើផលិតផល​ណាមួយ​ ចៀសវាង​ធ្វើ​ឲ្យ​សក់​ខូច។

៣- កក់សក់តិចជាងមុន

បែប​នេះ​ស្ដាប់​ទៅ​មិន​គួរ​ឲ្យ​​ជឿ​សោះ។​ ការពិត​បើ​យើង​កក់​សក់​ញឹកពេក​ រឹត​តែ​​ជាតិ​ប្រេង​ច្រើន​ឡើងៗ។ សូម​ប្រើ​សាប៊ូ​កក់​សក់​ដែល​មាន​រូបមន្ត​ពិសេស​សម្រាប់​ព្យាបាល​សក់​មាន​ជាតិ​ប្រេង ​ឬ​ខ្លាញ់​រៀងរាល់​ ៣-៤ ថ្ងៃ​ម្ដង​ ឬ​កក់​រាល់​ពេល​បែកញើស​ខ្លាំង (បើ​ហាត់​កីឡា) ដើម្បីសម្អាត​បាក់តេរី។ មិន​បាច់​ញឹកពេក​ទេ​ វា​អាច​ជួយ​រក្សា​ស្បែក​ក្បាលពី​​ធូលី ​និង​ជាតិ​ប្រេង​ច្រើន​ពេក។

៤- ប្រើសាប៊ូកក់សក់លាយ

ជែល​ប្រទាលកន្ទុយក្រពើលាយ​ជាមួយ​សាប៊ូ​កក់សក់ ល្អ​បំផុត​សម្រាប់​ព្យាបាល​សក់​មាន​ជាតិ​ប្រេង​ហួស​កម្រិត។ វា​មាន​សារធាតុ​រ៉ែ​ជួយ​បំបាត់​សក់​​មាន​ជាតិ​ខ្លាញ់​ ព្រម​ទាំង​ជួយ​ចិញ្ចឹម​ឫស​សក់​។ ចំពោះ​វិធី​ធ្វើ​យើង​ត្រូវ​យក​សាប៊ូ​មួយ​ពែង​លាយ​ទឹក​ក្រូចឆ្មារ​មួយស្លាបព្រា​ លាយ​រួច​ថែម​ជែល​ប្រទាល​កន្ទុយ​ក្រពើស្រស់​​មួយស្លាបព្រា​កាហ្វេ​ទៀត។ កក់​សក់​ជាមួយ​ល្បាយ​ទាំងនេះ​ រួច​ទុក​ចោល​ប្រហែល​ ៣ ​នាទី​មុន​ពេល​លាង​សម្អាត។ យើង​អាច​រក្សា​ទុក​វា​ក្នុង​ទូ​ទឹកកក​រយៈពេល​ ​១ សប្ដាហ៍​ ក៏​នៅ​តែ​អាច​​ប្រើ​បាន​ដែរ។

៥- សាកល្បងលេងម៉ូដសក់ប្លែកៗ

ចំណុច​នេះ​យើងគិត​ថា​ចម្លែក​បន្តិច ប៉ុន្តែ​ការ​ពិត​ អ្នក​មាន​សក់​ត្រង់​​សម្បូរ​ជាតិ​ខ្លាញ់​ ​និង​ប្រេង​ច្រើន ​ជាងអ្នក​សក់​រួញ​ ឬ​អង្គាដី។ ​ការប្ដូរ​ម៉ូដ​សក់​ត្រង់​ទៅ​ជា​សក់រួញ​ ឬ​ម៉ូដ​សក់​ទឹក​រលក ​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ផលិត​បរិមាណ​ជាតិ​ខ្លាញ់​ ឬ​ប្រេង​លើ​ស្បែក​ក្បាល។

ទាំងនេះ​គ្រាន់តែ​ជា​គន្លឹះ​ងាយៗ​ជួយ​យើងទប់ទល់​បញ្ហា​សក់​មាន​ជាតិ​ប្រេង​លើស​កម្រិត​ក្នុង​ស្ថានភាព​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ទោះ​យ៉ាងណា​ ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍ និង​ញ៉ាំអាហារ​សុខភាព។ ថ្វីត្បិត​តែ​មធ្យោបាយ​ខាង​លើ​ស្ដាប់​ទៅច្រើន ឬ​សាំញ៉ាំ ប៉ុន្តែ​ការ​រើស​សាប៊ូ ស្ព្រាយ​បាញ់/លាប​សក់ ឬ​ឧស្សាហ៍​ធ្វើ​សក់ (អ៊ុត កៀប) ក៏ជាប្រភព​នាំ​បញ្ហា​ដល់​សក់​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T