រាជធានីភ្នំពេញ ៖ សន្តិសុខផ្សារទួលពង្រម្នាក់ និងមានបក្សពួកម្នាក់ទៀតជាអ្នកចាំមើលផ្លូវ ហើយខ្លួនបានដើរឆ្កឹះសោរបន្ទប់ជួល ដើម្បីលួចយកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវម្ចាស់បន្ទប់ទាន់ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយដេញចាប់ខ្លួនបានប្រគល់ឱ្យនគរបាលចាត់ការតាមច្បាប់ ចំណែកឯបក្សពួកដែលយាមផ្លូវរត់គេចខ្លួនរួចបាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពេលត្រូវចាប់ខ្លួនជនសង្ស័យរូបនេះសារភាពថា មកពីខ្លួនអត់លុយសម្រាប់ដើរលេងបុណ្យអុំទូក ទើបដើរគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិអ្នកដទៃបែបនេះតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ២២ ជាន់ទី២ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ សារី សារ៉ាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិពោធិរាមា ឃុំព្រៃកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ក្រោយចាប់ខ្លួនឆែកឆេររកឃើញដែកឆ្កឹះសោរចុងស្រួច២ដើម និងកូនសោមួយដែលជាឧបករណ៍របស់ជនសង្ស័យធ្វើសកម្មភាព។
ចំណែកបុរសម្ចាស់បន្ទប់ជួលឈ្មោះ ភិន ទ្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រដែលធ្វើការវេនយប់ គាត់ស្នាក់នៅក្នុងបន្ទប់កើតហេតុ និងមានស្រុកកំណើតនៅក្នុងភូមិត្រពាំងរំពាក់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ហើយត្រូវជនសង្ស័យលួចយកបានទូរស័ព្ទ២គ្រឿង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បន្ទប់បានឡើងទៅជាន់ខាងលើ ដើម្បីហាលខោអាវ រីឯប្រពន្ធរបស់គាត់បានទៅធ្វើការបាត់ ប៉ុន្តែគាត់បានចាក់សោរបន្ទប់ត្រឹមត្រូវ មិនហ៊ានធ្វេសប្រហែសឡើយ។ ខណៈនោះជនសង្ស័យមានគ្នា២នាក់ បាននាំគ្នាទៅធ្វើសកម្មភាពឆ្កឹះសោរបន្ទប់ រួចលួចទូរស័ព្ទ ដោយឈ្មោះសារី សារ៉ាយ ជាអ្នកចូលឆ្កឹះ រីឯម្នាក់ទៀតជាអ្នកយាមផ្លូវ។
ប្រភពដដែលបន្តថា ពេលដែលម្ចាស់បន្ទប់ក្រោយពីហាលខោអាវរួចក៏ចុះមកបន្ទប់វិញ ស្រាប់តែឃើញជនសង្ស័យកំពុងឆ្កឹះសោរបន្ទប់ចូលរើកកាយលួចយកទូរស័ព្ទ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ទើបចាប់ខ្លួនឈ្មោះសារី សារ៉ាយបានម្នាក់ ហើយបក្សម្នាក់នៅក្រៅយាមផ្លូវនោះ ឃើញភ្លាម ក៏បានរត់គេចទៅបាត់ស្រមោលតែម្តង៕
ប្រភព៖ កោះសន្តិភាព