ខេត្តប៉ៃលិន ៖ ក្រោយពីមានបណ្តឹងសង្ឃនេនមួយអង្គថា បានបាត់ទូរស័ព្ទដៃមួយគ្រឿង ដោយសង្ស័យមានករណីសង្ឃដទៃទៀតជាអ្នកលួចទើបនគរបាលចូលទៅឆែកឆេរតែត្រូវព្រះសង្ឃជាជនសង្ស័យជេរប្រមាថយ៉ាងចាស់ដៃ លុះធ្វើការពិនិត្យទឹកនោមក៏ឃើញមានសារធាតុញៀនតែម្តង ។ ហេតុការណ៍ចាប់ឃាត់ខ្លួនព្រះសង្ឃផ្សឹកនេះបានធ្វើឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ព្រះសង្ឃជាជនសង្ស័យមាននាម ឈឿយ ពិសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិសូភី ឃុំស្វាយប៉ោ ស្រុករតនៈ ខេត្តបាត់ដំបង បច្ចុប្បន្នគង់នៅក្នុងវត្តកើតហេតុខាងលើ ។
លោកបន្តថា ក្រោយទទួលបានពាក្យបណ្តឹងក្រុមនគរបាលបានចុះទៅដល់បន្ទប់ព្រះសង្ឃ១អង្គនោះ ស្រាប់តែព្រះសង្ឃបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថ និងដៀលត្មេះនគរបាលគ្រប់បែបយ៉ាង ខណៈនោះសង្ស័យថា បានលួចទូរស័ព្ទមែនក៏ឱ្យកម្លាំងរុករកក្នុងបន្ទប់ឃើញមានទូរស័ព្ទដៃរបស់ព្រះសង្ឃរងគ្រោះ ហើយដោយសារមានការសង្ស័យថា ប្រើប្រាស់គ្រឿងញៀនគណៈកម្មាការវត្ត និងមន្ទីរធម្មការ និងសាសនាខេត្ត បានសម្រេចផ្សឹកព្រះសង្ឃអង្គនោះដើម្បីប្រគល់ជូនទៅសមត្ថកិច្ចបន្ទាប់ពីមានសង្ឃមួយអង្គព្រះនាម សុវណ្ណ បញ្ញា មានព្រះជន្ម១៥ព្រះវស្សា គង់នៅទីកន្លែងកើតហេតុខាងលើបានប្តឹងរាយការណ៍ថា បានបាត់ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន (iPhone) ។
ក្រោយមកកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយបុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ធ្វើការសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ។ លោកបញ្ជាក់ថា ជាលទ្ធផល រកឃើញថា មានផ្ទុកសារធាតុញៀនក្នុងខ្លួនមែន លើសពីនោះក៏បានឆែកឆេរឃើញទូរស័ព្ទដៃចំនួន០១គ្រឿងលើដងខ្លួនជនសង្ស័យផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីសួរនាំបន្ថែម និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទដៃត្រូវបានប្រគល់ជូនទៅឱ្យនេនដែលជាម្ចាស់ដើមវិញ ៕
ប្រភព៖ កោះសន្តិភាព