ភ្នំពេញ៖ ខណ:ពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកាន់តែខិតជិតចូលមកដល់គេក៏ឃើញមាននៅការដាក់តាំងលក់នៅប្រភេទដើមផ្កាផ្សេងៗដូចជា ផ្កាអង្គារសិល្ប៍ ដើមកូ្រចឃ្វិច និង ផ្កាស្បៃរឿង ជាហូរហែរនៅតាមបណ្តោយផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមសម្តីរបស់អាជីវករ អ្នកស្រី ចិន្តា ដែលជាអ្នកលក់ផ្កាអង្គារសិល្ប៍មួយរូបបានលើកឡើងថា អ្នកស្រីចាប់ផ្តើមលក់តាំងពីថ្ងៃទី១៨ មកម្ល៉េះ ដោយភាគច្រើនផ្កាអង្គារសិល្ប៍នេះ គឺនាំយកមកពីខាងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ផ្ទាល់តែម្តង។
អាជីវកររូបនេះក៏បានបន្ថែមថា អ្នកស្រីប្រកបរបរនេះជារៀងរាល់ឆ្នាំ អស់រយៈពេលជាង៥ឆ្នាំមកហើយមិនដែលខានឡើយ។
អ្នកស្រី ចិន្តា បានបន្តទៀតថា បើនិយាយអំពីតម្លៃនៃការលក់ចេញរបស់ផ្កាអង្គារសិល្ប៍ក្នុងឆ្នាំនេះវិញ គឺមិនសូវបានថ្លៃដូចឆ្នាំមុនៗនោះទេ។ ចំពោះតម្លៃនៃផ្កាវិញគឺ អាចមានចាប់ពីមួយដើម២៥ដុល្លារ រហូតដល់ជាង១០០ដុល្លារ តែក៏អាស្រ័យទៅតាមគុណភាពនៃផ្កាដូចគ្នាផងដែរ។
ងាកមកអ្នកស្រីអាង ឡេង ដែលអ្នកស្រីក៏ជាអាជីវករដែលលក់ផ្កាអង្គារសិល្ប៍នេះដូចគ្នាដែរ បានលើកឡើងថាប្រភេទដើមផ្កាអង្គារសិល្ប៍ដែលអ្នកស្រីលក់នេះគឺភាគច្រើន នាំចូលមកពីប្រទេសវៀតណាម នឹងមួយចំនួនអ្នកស្រីទិញតនៅក្នុងស្រុកយើងនេះ។ ចំពោះការថែទាំងក៏មានភាពងាយស្រួលជាង ដោយដើមផ្កាអង្គារសិល្ប៍នេះគឺ មិនចាំបាច់ទាមទារឲ្យមានការថែទាំដិតដល់ និងស្រោចទឹកជាប់ជាប្រចាំដូចជាមែករបស់វានោះទេ។
យ៉ាងណាមិញ មូលហេតុចម្បងដែលលេចចេញវត្តមាននៅផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិច ដាក់លក់ព្រោងព្រៀតនៅជិតថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ដែលបងប្អូនភាគច្រើននិយមទិញយកទៅដាក់តាំងលំអនៅក្នុងផ្ទះនេះក៏ព្រោះតែបើតាមប្រវិត្តិនៃដើមផ្កាអង្គារសិល្ប៍នៅក្នុងប្រទេសចិនដែលជាដើមកំណើតនៃផ្កានេះថា ផ្កាអង្គារសិល្ប៍គឺជាដើមផ្កាមួយប្រភេទដែលអាចធន់ខ្លាំងជាមួយនឹងអាកាសធាតុត្រជាក់បានយ៉ាងល្អ ពីព្រោះថាអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន នៅក្នុងប្រទេសចិនគឺអាកាសធាតុកំពុងតែចុះត្រជាក់ខ្លាំង រីឯសីតុណ្ហភាពធ្លាក់ដល់សូន្យអង្សា។ ស្របពេលដែលរុក្ខជាតិដទៃផ្សេងទៀតត្រូវបានរុះរោយស្លឹកនឹងផ្កាអស់ទៅហើយនោះ។ ក៏ប៉ុន្តែលក្ខណៈពិសេសរបស់ផ្កាអង្គារសិល្ប៍ដែលផ្ទុយពីរុក្ខជាតិដទៃផ្សេងទៀតនោះ គឺដើមផ្កាអង្គារសិល្ប៍នេះបែរជាអាចចេញផ្ការីកស្គុះស្គាយ បញ្ចេញពណ៌លឿងយ៉ាងឆ្អិនឆ្អៅ ពាសពេញព្រៃភ្នំនៃប្រទេសចិនទៅវិញ។
ហេតុដូចនេះហើយទើបបានជា តាមជំនឿនៃជនជាតិចិនបានជឿថា ប្រសិនបើទិញផ្កាអង្គារសិល្ប៍នេះដាក់តាំងក្នុងផ្ទះ ហើយប្រសិនបើផ្កានោះរីកក្នុងថ្ងៃចូលឆ្នាំចិនទៀតនោះ គឺនឹងអាចនាំឲ្យគ្រួសាររបស់ពួកគេទទួលបាននៅលាភសំណាង សុខសប្បាយ ត្រជាក់ត្រជុំ ស្រស់ស្រាយពេញមួយឆ្នាំ ហើយប្រសិនបើចាប់ប្រកបនៅមុខរបរអ្វីៗនឹងរីកចម្រើន កាក់កបដុះដាល ប្រៀបដូចជាផ្កាអង្គារសិល្ប៍ដែលកំពុងតែរីកស្គុះស្គាយនេះដូចគ្នាផងដែរ។
ចំណែកផ្កាស្បៃរឿងវិញ គឺតំណាងឲ្យ ភាពរីករាយ ជោគជតារាសីល្អ នៅក្នុងក្រុមគ្រួសារ។ រីឯក្រូចឃ្វិចវិញគឺតំណាងឲ្យទ្រព្យសម្បិត្តិ មាស ពេជ្រ ដែលប្រជាពលរដ្ឋតែងតែនិយមដាក់តាំងលំអក្នុងគេហដ្ឋានក្នុងអំឡុងនៃពិធីចូលឆ្នាំចិនផងដែរ៕