ជិតចូលឆ្នាំហើយ តើមានល្បែងប្រជាប្រិយអ្វីខ្លះ ដែលខ្មែរតែងតែនិយមលេង? ចុះដឹងរបៀបលេង និងអត្ថន័យ ដែរអត់?

//s5.kh1.co/48/4807f0e63d073feec6f27f82844537e1bff1b21d.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ចូល​មក​​ដល់ ខ្មែរ​គ្រប់​រូបនាំគ្នាម្នីម្នា​ ចាប់​ផ្តើម​លេង​នៅ​ល្បែង​ប្រជា​ប្រិយ​ខ្មែរ មាន​ជា​ហូរហែរ ​ដែល​បាន​កំណត់​នៅ​របៀប​លេង​និង​អត្ថន័យ​យ៉ាង​ជាក់​លាក់ផង​ដែរ។

ភ្នំពេញ៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ កាន់​តែខិត​ជិត​ចូល​មក​ដល់​ហើយ នៅ​សល់​ពេល​មិន ​ប៉ុន្មាន​ទៀត​នោះទេ។ ហើយ​ក៏ជាពេល​វេលា​មួយ​ ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​​ រីករាយ​ជួប​ជុំក្រុម​គ្រួសារ ពី​ទីជិតទីឆ្ងាយ ​​ក្នុង​អំឡុង​ពេល​នៃ​ ការ​ឈប់សម្រាក​នេះ​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ​បើ​តាម​ទំនៀម​ទំលាប់របស់​ខ្មែរ ជា​រៀង​រាល់​ឆ្នាំ​​​ឲ្យ​តែដល់ ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ​ប្រជា​ពលរដ្ឋ​ខ្មែរទាំងអស់​ តែង​តែ​​រៀប​ចំរូ​តរះ ​ធ្វើ​​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឈ​ នៅ​តាមទីវត្ត​អារាមនានា ដោយមិន​ភ្លេច​នោះ​ទេ ​នៅ​​សម្លៀក​បំពាក់​ហូល​ផាមួង ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ ​យ៉ាង​ល្អ​ប្រណីត។ ទៀត​សោត នៅ​តាម​ទី​វត្ត​អារាម ក៏​ដូច​ជា​កន្លែង​កម្សាន្ត​ជា​ច្រើន​ នៅ​ទូទាំង​ប្រទេ​ស គឺ​មិន​ចោល​នោះ​ទេ​នៅ ការរៀប​ចំ​ចាត់​ចែង​ រាំលេង ​នៅ​ចង្វាក់​ប្រជា​ប្រិយ​ខ្មែរ ហើយ​អ្វី​ដែល​កាន់​តែ​ មិន​អាច​ចោល​បាន​នោះ ​គឺ​ល្បែង​ប្រជា​ប្រិយ​ របស់​ខ្មែរ​នេះ​តែ​ម្តង។

យើង​ឃើញ​ថា​សម្រាប់ ​ប្រទេ​សកម្ពុជា​យើ​ង ​មាន​ល្បែងប្រជា​ប្រិយ​ ជា​ច្រើន​ប្រភេទ ដែល ​ប្រជា​ពល​រដ្ឋ​យើង​តែង​តែ និយមយកមក​លេង​ជា​ពិសេស ​ក្នុង​ឳកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​នេះ​តែ​ម្តង។ ក៏​ប៉ុន្តែ​ក្នុង​ពេល​នេះ ​ខាងខ្មែរឡូតយើង ក៏​សូម​លើកយក​ល្បែងប្រជាប្រិយ ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ ដើម្បី​យក​មក​ចែករំលែក ជា​ចំណេះ​ដឹង​​ ​ដល់​មិត្ត​អ្នក​អាន ដែលអត្ថន័យ​មួយ​ចំនួន​ យើងគឺ​​បាន​ដកស្រង់ ​ចេញ​ពី​សៀវភៅ ​«ល្បែងប្រជា​ប្រិយ​ខ្មែរ»​​៕ ចង់​ដឹង​ពី​របៀប​លេង និង​អត្ថន័យ​នៃ​ល្បែង​នីមួយៗ បែបណាខ្លះ​នោះ​ ​សូម​ទៅ​តាម​ដានទាំង​អស់គ្នា​ ៖

១. ល្បែង​បោះ​អង្គញ់

ល្បែង​បោះ​អង្គញ់​ នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ ​តាម​វត្ថុ​ដែល​គេ​យក​មក​លេង​ គឺ​ផ្លែ​អង្គញ់​ដែល ​ក្រៀម​ស្ងួត។

ល្បែង​បោះ​អង្គញ់
ល្បែង​បោះ​អង្គញ់

របៀប​លេង

ល្បែង​នេះ​ គេ​បែង​ចែក​ជា​២​ក្រុម​ ដែល​មាន​ស្រីម្ខាង​ និង​ប្រុស​ម្ខាងក៏​បាន ​ឬ​ចម្រុះ​ក៏​បាន​។ ហើយ​សម្រាប់​អង្គញ់ ​គេ​ក៏​ចែក​ចេញ​ជា​២​ផ្នែក​ដែរ គឺ​កោយ​ដាំ​និង​ កោយ​បោះ​។ សម្រាប់​កើយ​ដាំ​គឺ ​គេ​ដាំ​ភ្ជាប់​ទៅ​នឹង​ដី​ ដែល​មាន​បែក​ចែក​ជា​ “មេក្លោង​ ឬ កន្លោង” ដែល​អាច​ដាំ​៣ ឬ ៥ កោយ​ក៏​បាន ។ ចំណែក​កោយ​បោះ​ គឺ​កោយ​ទាំង​ឡាយ​ណា ​ដែល​គេ​ប្រើ​ សម្រាប់​បោះ​ពី​ទីម្ខាង​ទៀត ​ដើម្បី​ឲ្យ​រំលំ​កោយ​ដាំ ​របស់​ក្រុម​ម្ខាងទៀត។ សម្រាប់​ក្រុម​ណា​ ដែល​បាន​បោះ​ត្រូវ​ កោយ​ដែល​ដាំ​នៅ​ខាង​កៀន​មុន​ កោយ​ដែល​នៅ​កណ្តាល ​នឹង​សន្មត់​ថា​ចាញ់  ហើយ​ប្រសិន​បើ​បោះ ​អស់​គ្រាប់​ហើយ​នៅ​តែ ​មិន​រំលំ​អស់​ទៀត​នោះ ​ក៏​ចាញ់​ដូច​គ្នា​ដែរ។ សម្រាប់​ក្រុម​ដែល​ចាញ់​នឹង​ត្រូវ ​បាន​ក្រុម​ម្ខាងទៀត​ដែល​ឈ្នះ​នោះ​ ជោះ​ដោយ​យក​អង្គញ់​ពីរ​ ដាក់​ខ្វែងគ្នា​ហើយ​ជោះ ​នៅ​ត្រង់​ក្បាល​ជង្គង់​របស់ ​ក្រុម​ដែល​ចាញ់​ផងដែរ។

ល្បែង​បោះ​អង្គញ់
ល្បែង​បោះ​អង្គញ់

អត្ថន័យ

ល្បែង​អង្គញ់​នេះ​គឺ​ តម្រូវ​ឲ្យ​អ្នក​លេង​ចេះ ​មាន​ការប្រុសប្រយ័ត្ន ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល​បាន​។

២. ល្បែង​លាក់​កន្សែង

ល្បែងលាក់​កន្សែង ជាល្បែងមួយយ៉ាង​របស់​ខ្មែរ កាលពី​ពេលបុរាណ តែង​តែលេងសម្រាប់ ​ជាទីកម្សាន្ត​សប្បាយ នៅ​ពេល​យប់​ខែភ្លឺ ក្នុង​រដូវចូលឆ្នាំ​ ឬនៅពេល​ជា​ចន្លោះ​ ការហត់​នឿយ​ម្តងៗ។

ល្បែង​លាក់​កន្សែង
ល្បែង​លាក់​កន្សែង

របៀប​លេង

មុន​ដំបូង មាន​អ្នកលេង​ប្រហែល​ជា​៦ ទៅ​៧​នាក់​ឡើង​ ឲ្យ​ទៅអង្គុយ​ចោងហោង ​ជា​រង្វង់​មូល នៅ​កន្លែង​ដែល​ជា​ទីវាល​ស្រឡះ ​រាបស្មើល្អស្រួល ​ក្នុង​ការ​រត់​។ ហើយ​គេយក​​កន្សែង ឬក្រមាតូច​មួយ​​ មក​រុំ​មូរ​រួច​រឹត​ឲ្យ​តឹងណែន​ល្អ​ ទុក​ជាយ​បន្តិច ​សម្រាប់​កាន់​យូរ​បាន​ សន្មត់​ហៅថា​កន្សែង មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​វង់ កាន់​កន្សែងនោះ​ ដើរ​ព័ទ្ធ​ជុំ​វិញ​យ៉ាង​លឿន​ ពីខាងក្រោយ​ខ្នង​ អ្នក​អង្គុយ​បញ្ឆោត ​អ្នក​អង្គុយមិន​ឲ្យ​បាន​ដឹង​ខ្លួន ​ថា​ គេ​លាក់​កន្សែង ​ក្រោយ​ខ្នង​អ្នកណា​នោះ​ទេ។ នៅ​ពេល​ដែល​លាក់ ​ប្រសិន​បើ​ អ្នក​ដែល​បាន​អង្គុយ​នោះ​ដឹង​ខ្លួន​ ថា​គេ​លាក់ ​នៅ​ខាងក្រោយ​ខ្នង​របស់​ខ្លួន នោះ​អ្នក​អង្គុយ​នោះ​ត្រូវ​ចាប់​យក​កន្សែងនោះ ​ហើយ​រត់​ដេញ​គប់ ​អ្នក​ដែល​បាន​លាក់​នោះ​វិញ​។ ចំណែកអ្នកលាក់​នោះ​ នៅ​ពេល​ដែល​រត់​ ដល់​កន្លែង​ដែល​ទំនេរ​ហើយ​ អាច​ចូល​អង្គុយ​ ហើយ​អ្នក​ដែល​តាម​គប់​គេ​នោះ ​ត្រូវ​ដើរ​ក្រឡឹង ​លាក់​ដាក់​អ្នក​ផ្សេង​ទៀត​ដូច​ៗគ្នា។

ល្បែង​លាក់​កន្សែង
ល្បែង​លាក់​កន្សែង

អត្ថន័យ

ល្បែង​នេះ​គេ​លេង ​ដើម្បី​ហាត់​ខ្លួន​ឲ្យ​មាន ​ស្មារតី​រឹង​ប៉ឹង​​ រហ័ស​រហួន ឲ្យ​មាន​ប្រាជ្ញាវាងវៃ ហាត់​ទម្លាប់​ខ្លួន​ឲ្យ​ចេះ ​ប្រុង​ស្មារតី​ជានិច្ច​។

៣. ល្បែង​ចោល​ឈូង​

ល្បែង​ឈូង​ ជា​ល្បែង​មួយ​យ៉ាង​ របស់​មនុស្ស​កម្លោះ​ក្រមុំ​ ឬមនុស្ស​ចំណាស់​ៗ​ ប្រុសស្រី គេតែង​និយម​លេង ​នៅ​វេលា​តប់​ខែភ្លឺ​ ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី។

ល្បែង​ចោល​ឈូង​
ល្បែង​ចោល​ឈូង​

របៀប​លេង

ល្បែង​នេះ​ គេ​ចែក​គ្នា​ជា២​ពួក ប្រុស​១​ពួក ស្រី​១​ពួក។ ក្នុង​១ពួកៗ មាន​គ្នា​ចំនួនពី​១០នាក់ ឬ​២០នាក់​ ឡើង​ទៅ ឈរត្រៀម​ជា​២​ជួរ តល់​មុខ​គ្នា​ ឃ្លាត​ពីគ្នា​ប្រមាណ​ជា​៨ ឬ​១០ម៉ែត្រ។ គេ​យកក្រមាឬកន្សែង មក​ឆ្មូល​ឲ្យមូល ចងរឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ឲ្យ​មានកន្ទុយ​បន្តិចហៅ​ថា “ឈូង” សម្រាប់​កាន់​បោះ ​ឬចោល​ទៅ​មក​រក​គ្នា។ នៅ​ពេល​ដែល​ខាងប្រុស​ បោះ​ឈូង​ទៅ​ខាងស្រី ​ត្រូវ​តែ​ប្រុង​ប្រៀប​ចាំ​ចាប់​កុំ​ឲ្យ​ ធ្លាក់ដល់​ដី​ បើ​ធ្លាក់​ដល់​ដី​គឺ​ស្អុយ​ ហើយ​គេ​ចាប់​ផ្តើម​បោះ​ ទៅ​ឲ្យ​ខាងប្រុស​វិញ​ ហើយ​ខា​ងប្រុស​ក៏​ត្រូវ​ចាំ​ចាប់ ​មិន​ឲ្យធ្លាក់​ដល់​ដី​ដូចគ្នា​។ បន្ទាប់​មក​ត្រូវ​ចោល​ឲ្យ ​ត្រូវ​ខាងស្រី​ណាម្នាក់​ក៏​បាន ​បើ​មិន​ត្រូវ​ទេគឺ ​ចាត់​ទុក​ថា​ស្អុយ​ តែ​ប្រសិន​បើ​ត្រូវ​ស្រី​ណាម្នាក់​នោះ​ គឺ​ស្រី​ម្នាក់នោះ​ត្រូវ​ ច្រៀង​រាំ​យក​ឈូង​ទៅ​ឲ្យ​ ខាងប្រុស​វិញ​។

ល្បែង​ចោល​ឈូង​
ល្បែង​ចោល​ឈូង​

អត្ថន័យ

ល្បែង​នេះ​ ចង់​ឲ្យ​អ្នក​លេង​មាន​ ការ​ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ដៃ​ឲ្យ​ត្រង់ ហើយក៏​ជាការ​កំសាន្ត​សប្បាយ​ ដោយ​មាន​ការ​រាំ​ច្រៀង​លាយ​ ជាមួយគ្នាផងដែរ។ ​

៤. ល្បែង​ទាញ​ព្រ័ត្រ

​ជា​ល្បែង​លេង​កម្សាន្ត​សប្បាយ ​របស់យុវជន​ខ្មែរ​ទាំង​បុរស​ ទាំងស្ត្រី កម្លោះ​ក្រមុំ។

ល្បែង​ទាញ​ព្រ័ត្រ
ល្បែង​ទាញ​ព្រ័ត្រ

របៀប​លេង

មុន​ដំបូង​គេ​រើស​រក ​ប្រុស​ម្នាក់ ​ស្រី​ម្នាក់​ដែល​មាន ​មាឌ​ធំមាំ​ ឲ្យ​ឈរ​ជា​អ្នក​កាន់​ចុងព្រ័ត្រ​ គឺ ​ប្រុស​កាន់​ចុង​ម្ខាង​ ស្រី​កាន់​ចុង​ម្ខាង​ ដោយ​បែង​ចែកជា​២​ក្រុម ឈរ​ប្រុង​ប្រៀប ​ដោយ​កាន់​ខ្សែ​ពួរ​ពាក់កណ្តាលម្នាក់​​ ដោយ​ក្រុម​នីមួយ​ៗ មាន​ការបែង​ចែក​គ្នា ចាប់​ពី​១០​នាក់​ឡើង​ទៅ​។

នៅពេល​ដែល​គេ ​ស្រែក​ថា​ហើយ ក្រុម​ម្ខាង​ៗត្រូវ​តែ​ខិត​ខំ​ទាញ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ ​ហួស​គំនូស​កណ្តាល ​ដែល​គេ​បែង​ចែក​នៅ ​ការ​ចាញ់​ឈ្នះ​រវាង​ក្រុម​ទាំង​ពីរ ហើយ​ប្រសិន​បើ​ក្រុម​ណា​មួយ ឆ្លង​គំនូស​កណ្តាលឬ​ដួល គឺ​សន្មត់​ថា​ចាញ់ នឹង​មាន​ការ​ពិន័យ​ពី​ខាងក្រុម​ដែល​ឈ្នះ ​ដោយ​ការ​រាំ​ច្រៀង​ផ្សេងៗ​។

អត្ថន័យ  

ល្បែង​នេះ​ចាត់​ទុក​ជា ​ការ​ហាត់កម្លាំង​ ហាត់ប្រាណ​ឲ្យ​រាងកាយ​ មាន​កម្លាំង​ មាន​សុខភាព​ល្អ មិន​តែ​ប៉ុណ្ណោះ​ក៏​​បង្ហាញ​ឲ្យ​អ្នក​លេង​ត្រូវ​មាន​ចិត្ត​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ទើប​អាច​យក​ឈ្នះ​ដៃ​គូរ​ម្ខាង​ទៀត​បាន។

៥. ល្បែង​ចាប់​កូន​ខ្លែង

ល្បែង​ចាប់កូនខ្លែង​ ជា​ល្បែង​របស់​កុមារាកុមារី​ជំទង់​ៗ​ តែង​តែ​លេង ក្នុងរដូវ​ចូលឆ្នាំ ឬនៅពេល​ទំនេរ។

ល្បែង​ចាប់​កូន​ខ្លែង
ល្បែង​ចាប់​កូន​ខ្លែង

របៀប​លេង

ល្បែង​នេះ​ ពេល​លេងគេ​ចាត់​ម្នាក់​ ដែល​មាន​មាឌ​មាំ​ធំ ឲ្យ​ធ្វើ​ជា​មេហ្វូង​ ហៅ​ថា​មេមាន់​ ហើយចាត់​ច្រើន​នាក់ផ្សេង​ទៀត​ ឲ្យ​ធ្វើជាកូនមាន់​ ហើយ​គេ​ចាត់​ម្នាក់​ទៀត ​ឲ្យ​ធ្វើ​ជា​ខ្លែង​ ចាំ​ចាប់កូនមាន់។ ខ្លែង​ត្រូវ​តាម​ចាប់​កូនមាន់​ ដែល​នៅពីខាងក្រោយគេបង្អស់ ហើយ ​លក្ខខ័ណ្ឌមួយថា​ បើកូន​ណារបូត​ចេញពី​មេ ព្រោះ​ប្រឹង​គេចខ្លាំង​ ហើយកូន​នោះគេ​ក្រាប​ទៅ​នឹង​ដី​ នោះ​មេខ្លែង​មិន​ត្រូវ​ចាប់​គេទេ។

អត្ថន័យ

ល្បែង​នេះ​ គឺ​ជួយ​បង្ហាត់មនុស្សឲ្យ ​ចេះ​ប្រុង​ប្រយ័ត្ន ប្រុង​ស្មារតី មាន​ភាព​រហ័សរហួន ចេះ​ ការពារខ្លួន​និង​គ្រួសារផង។

៦. ពង្រត់​កូន​ក្រមុំ

​ល្បែង​ពង្រត់​កូន​ក្រមុំ គឺ​ជា​ល្បែង​ដែល​កម្លោះ​ក្រមុំ ​តែង​និយម​លេង​នៅរដូវ​ចូលឆ្នាំខ្មែរ។

ពង្រត់​កូន​ក្រមុំ
ពង្រត់​កូន​ក្រមុំ

របៀប​លេង

ល្បែង​នេះ​គឺ​ គេត្រូវ​គៀង​គរ អ្នកលេង​ឲ្យ​បាន​កាន់​ចាប់​បី​១០ ឡើង​ទៅ​មិន​កំណត់​នោះទេ។ ហើយ​គឺតម្រូវ​ឲ្យ​ អ្នកលេង​ដែល​មាន​ស្រី ​មាន​ប្រុស​ឡាយ​ឡំ​គ្នា ហើយ​ឈរ​ឆ្លាស់​គ្នា​ស្រី​ម្នាក់ ​ប្រុស​ម្នាក់ឈរកាន់​ដៃ​គ្នា ព័ទ្ធ​ជា​រង្វង់។ តែក្នុង​ពេល​ដំបូង​គឺ​ តម្រូវ​ឲ្យ​មាន​ប្រុស​ស្រីមួយ​គូរ នៅ​ខាងក្រៅ​រង្វង់ រត់​ច្រៀងបន្ទាប់​មក ​វាយ​ដៃ​របស់​ប្រុស​ស្រី​មួយ​គូរ​ផ្សេង​ទៀត​ ដែល​កំពុង​តែ​ឈរនៅក្នុង​រង្វង់​។ ចំណែក​ប្រុស​ស្រីមួយ​គូរ​ទៀត​នេះ ​នៅ​ពេល​ដែល​គេ​វាយ​ហើយ ​ត្រូវ​ប្រញាប់​រត់​បញ្ចាស់​ទិស​នឹង ​អ្នក​វាយ​ឲ្យ​បាន​លឿន ឬអាច​ដូរ​គូរ​ជាមួយ​នឹង​គូរ ដែល​បាន​វាយ​យើង​ ហើយ​ប្រញាប់​រត់​មក​ចូល​ចន្លោះ​ ដែល​ចំហរ​ចោល​នោះ​វិញ ​ឲ្យ​បាន​លឿន។ រីឯចំណែក​អ្នក​ចាញ់ ​ត្រូវ​រត់​វាយគូរ​ដទៃ​ផ្សេង​ទៀត​។

អត្ថន័យ

ល្បែង​នេះ​លេង​ដើម្បី​ធ្វើ​ឲ្យ​ យើង​មាន​ភាព​រហ័ស​រហួន ចេះ​សាមគ្គី​គ្នា​ជា​មួយ​ដៃ​គូរ នឹង​មិន​មាន​នៅ​ការ​ប្រកាន់​គ្នា​។

៧. ល្បែង​ដណ្តើម​ស្លឹក​ឈើ

​ល្បែង​នេះ​ជា​ល្បែង ​ដែល​គេ​និយម​លេង ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​តាម​ទី​វត្ត​អារាម​ផ្សេងៗ។

ល្បែង​ដណ្តើម​ស្លឹក​ឈើ
ល្បែង​ដណ្តើម​ស្លឹក​ឈើ

របៀប​លេង​

 ល្បែង​នេះ​គេ​តម្រូវ​ឲ្យ ​អ្នក​លេង​ត្រូវ​ចែក​គ្នា​ជា​២​ពួក ស្រី​១​ពួក ប្រុស​១​ពួក ​ដោយ​តម្រូវ​ឲ្យ​មាន​ ការ​ឈរ​នៅ​ចម្ងាយ​ឆ្ងាយ​ពីគ្នា ប្រហែល​១០​ម៉ែត្រ​ ដែល​ក្នុងម្ខាង​ត្រូវ​មាន ​មនុស្ស​ចាប់​ពី​៥ ទៅ​ ១០​ នាក់ឡើង​ដោយ​ឈរ​តាម​លេខ​រៀង។ ហើយ​ក៏​តម្រូវ​ឲ្យ​មាន​អ្នក​តំណាង​២​នាក់​ពី ​ក្រុម​ទាំង​ពីរ​ដើម្បី​ឈរ​ចាំ​ហៅ​ឈ្មោះ និង​ចាំ​មើល​មែក​ឈើ​នោះ។ នៅ​ពេល​ដែល​ចាប់​ផ្តើម​លេង អ្នក​តំណាង​នោះ​នឹង ​ហៅ​លេង​រៀងលេខ១ ឬ ២ ដូច្នេះ​អ្នក​ដែល​លឺលេខ​រៀង​របស់​ខ្លួន​ ត្រូវ​រត់​ទៅ​កណ្តាល​ កន្លែង​ដែល​មាន​មែក​ឈើ ដើម្បី​ចាំ​ដណ្តើម​ពី​ភាគី​ម្ខាង​ទៀត។ ប្រសិន​បើ​អ្នកណា​ដណ្តើម ​មែក​ឈើ​នោះ​បាន ​ដោយ​ភាគី​ម្ខាង​ទៀត​ចាប់​មិន​បាន​ នោះ​ជា​អ្នក​ឈ្នះ។

ល្បែង​ដណ្តើម​ស្លឹក​ឈើ
ល្បែង​ដណ្តើម​ស្លឹក​ឈើ

អត្ថន័យ

ល្បែង​នេះ ​បង្រៀន​ឲ្យ​ អ្នក​លេង​មាន​នៅ ​ការ​ប្រុង​ប្រយ័ត្ន​ វៃ​ត្រចៀក​ និង​ភាព​រហ័ស​រហួន​ផង​ដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T