ប្រជាជននៅខ្មែរ និងអាស៊ីអាគ្នេយ៍ភាគច្រើនដុតធូបនៅក្នុងពិធីសាសនាផ្សេងៗ តែការដុតធូបច្រើននោះបង្កជាផ្សែងខ្មួលខ្មាញ់ ហើយយើងស្រូបចូលទៅក្នុងខ្លួនបង្កគ្រោះថ្នាក់ទៅវិញ។ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា អ្នកដែលដុតធូបទាំងនោះមិនបានដឹងផលប៉ះពាល់នៃសុខភាពដែលស្រូបផ្សែងចូលទៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកបកស្រាយថា ធូបត្រូវបានគេផលិតឡើងពីវត្ថុធាតុដើមធម្មជាតិ និងផ្សំជាមួយសារធាតុគីមីច្រើនប្រភេទ។ ផ្សែងដែលចេញភាយក្រោយត្រូវកម្ដៅ មានផលប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាងដូចជាបញ្ហាផ្លូវដង្ហើម រលាកទងសួត ហើយការស្រូបយកជាតិធូបនេះ គ្រោះថ្នាក់ជាងផ្សែងបារីទៅទៀត។ យូរៗទៅវានឹងបង្កទៅជាជំងឺមហារីកសរីរាង្គផ្សេងៗ។
ធាតុផ្សំខ្លះនៅក្នុងផ្សែងធូប ក្រៅពីសារធាតុបង្កមហារីក ហើយវាក៏ធ្វើឲ្យរលាកផងដែរ។ មានន័យថាវាអាចនាំឲ្យមានជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត ឬអាលែកហ្ស៊ី។ ក្រៅពីជំងឺប៉ុន្មានមុខនេះ ការស្រូបផ្សែងចូលយូរៗទៅបណ្ដាលឲ្យរលាកសួត ហើយបូករួមអាលែកហ្ស៊ីរ៉ាំរ៉ៃក៏បណ្ដាលទៅជាមហារីកសួត។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបន្ថែមទៀតថា ក្នុងធូបមានផ្សំពីសារធាតុគ្រោះថ្នាក់ជាច្រើនដូចជា៖
– កាបូនឌីអុកស៊ីត
– អ៊ីដ្រូកាបូន
– បង់ហ្សែន
រីឯការរលាកបណ្ដាលមកពីផ្សែងធូបវិញ ក្លាយជារលាករ៉ាំរ៉ៃនៅក្នុងខ្លួនបានដូចគ្នា។ មួយវិញទៀតរលាកដែលបណ្ដាលមកពីហិតផ្សែងធូបច្រើននោះ មិនត្រឹមក្នុងសួតប៉ុណ្ណោះទេ តែវាក៏មាននៅក្នុងថ្លើមផងដែរ។ មូលហេតុបណ្ដាលមកពីដំណើរការរាងកាយ បម្លែងសារធាតុទៅជាមេតាប៉ូលីស ទើបកើតអុកស៊ីតកម្ម។
ក្រៅពីសួត ថ្លើម ផ្សែងធូបក៏នាំឲ្យប៉ះពាល់ដល់សុខភាពបេះដូងដូចជាសរសៃឈាម និងបេះដូងថែមទៀតផង។ សម្រាប់អ្នកមានជំងឺបេះដូងស្រាប់ បើស្រូបផ្សែងទៅអាចបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរទៅជាស្ទះសរសៃឈាម ពុកផុយ ឬគាំងបេះដូងតែម្ដង។
បើផលប៉ះពាល់ភ្លាមៗវិញផ្សែងធូបនាំឲ្យរកាំភ្នែក ឈឺក្បាល វិលមុខ ស្ងួតស្បែក រលាកបំពង់ក ពិសេសអ្នកមានផ្ទៃពោះប៉ះពាល់កូនក្នុងផ្ទៃ។ វេជ្ជបណ្ឌិតរូបនោះបញ្ជាក់ថាផ្សែងធូបធម្មតាស្រូបទៅផលប៉ះពាល់ច្រើនហើយ បើផ្សែងធូបមូសវិញរឹតតែគ្រោះថ្នាក់ជាងផ្សែងធូបធម្មតារាប់ដងឯណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet