បរទេស៖ អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានព្រមានថា នៅក្នុងរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយនៅថ្ងៃពុធ ចំនួនសត្វព្រៃនៅលើពិភពលោកបានធ្លាក់ចុះជាមធ្យម៦៨ភាគរយ ក្នុងរយៈពេលតែជាងបួនទសវត្សរ៍ ដោយសារតែតម្រូវការរបស់មនុស្សនៅពីក្រោយការថយចុះនេះ។ របាយការណ៍ The Living Planet Report 2020 បានវាយតម្លៃការធ្លាក់ចុះនៃចំនួនប្រភេទសត្វ ដែលត្រូវបានគេសង្កេតឃើញនៅក្នុងប្រភេទថនិកសត្វ បក្សី ត្រី សត្វល្មូន និងថលជលិកសត្វជាង៤,៣៩២ប្រភេទ ស្ថិតក្នុងចន្លោះឆ្នាំ១៩៧០និង២០១៦។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបាយការណ៍បាននិយាយថា ចំនួនសត្វព្រៃបានថយចុះដ៏ច្រើនលើសលប់ ដែលត្រូវបានគេមើលឃើញក្នុងប៉ុន្មានទសវត្សរ៍នេះ គឺមិនធ្លាប់មានក្នុងរយៈពេលរាប់លានឆ្នាំកន្លងមកនេះ។ តំបន់អាមេរិកឡាទីននិងតំបន់ការីបៀនគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅលើពិភពលោក ជាមួយនឹងការធ្លាក់ចុះជាមធម្យម៩៤ភាគរយ។
បើយោងតាមអង្គការ WWF បានឲ្យដឹងថា ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីឥឡូវនេះ បានគំរាមកំហែងដល់ប្រភេទសត្វ១លានប្រភេទ រួមមានសត្វនិងរុក្ខជាតិ៥០០,០០០ និងសត្វល្អិត៥០០,០០០ប្រភេទ ជាមួយនឹងការផុតពូជក្នុងទសវត្សរ៍និងសតវត្សរ៍ខាងមុខ។ ប៉ុន្តែរបាយការណ៍បានរកឃើញថា ធម្មជាតិកំពុងត្រូវបានបំផ្លាញដោយពួកយើងក្នុងអត្រាមួយ ដែលមិនធ្លាប់មានពីមុន ក្នុងប្រវត្តិសាស្ត្រ។
អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះអាចនឹងបញ្ឈប់ឬការចាត់វិធានការជាបន្ទាន់ ដូចជាការផ្លាស់ប្ដូររបៀបដាំដុះនិងតម្រូវការម្លូបអាហារ ដោះស្រាយការប្រែប្រួលអាកាសធាតុ និងអភិរក្សធម្មជាតិ៕