សហរដ្ឋអាមេរិក៖ រូបភាពរបស់ត្រីឆ្លាមមួយក្បាលប្រវែង ២.៧ម៉ែត្រ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយសារវាមានលក្ខណៈស្រដៀងទៅនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ជាពិសេសនៅពេលត្រីនោះហាមាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបភាពស្ទើរតែមិនគួរឲ្យជឿនេះ ត្រូវបានថតដោយលោក Tanner Mansell អាយុ២៧ឆ្នាំ មកពីទីក្រុង Jupiter រដ្ឋ Florida កំឡុងពេលលោកកំពុងចុះមុជទឹកនៅឯតំបន់ឆ្នេរ ដែលស្ថិតនៅក្នុងស្រុកកំណើតរបស់លោកផ្ទាល់តែម្ដង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
បន្ទាប់ពីថតបានរូបត្រីឆ្លាមដ៏កម្រនេះ លោក Tanner ក៏បានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចុច Like យ៉ាងច្រើនទៀតផង។ ជាមួយគ្នានេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរៀងៗខ្លួន ខណៈអ្នកខ្លះបានបញ្ចេញមតិបែបលេងសើចក៏មាន។
យ៉ាងណាមិញ លោក Tanner មានការភ្ញាក់ផ្អើលចំពោះអ្នកបញ្ចេញមតិលើរូបភាព ដែលលោកបានបង្ហោះនោះ ពោលគឺជាការប្រៀបធៀបត្រីឆ្លាមជាមួយនឹងលោកត្រាំ នេះឯង។ លោកបាននិយាយយ៉ាងដូច្នេះថា៖
នៅពេលខ្ញុំបង្ហោះរូបដំបូង វាផ្ទុះខ្លាំងមែនទែន ហើយខ្ញុំភ្ញាក់ផ្អើលនៅពេលឃើញការបញ្ចេញមតិជាច្រើន និយាយទាក់ទងនឹងលោក ត្រាំ។ ដំបូងខ្ញុំមិនបានចាប់អារម្មណ៍រូបនេះទេ ប៉ុន្ដែខ្ញុំបានមើលឃើញភាពមិនប្រក្រតីរបស់វា នៅពេលមានការបញ្ចេញមតិព្រោងព្រាត។ ខ្ញុំគិតថាវាគួរឲ្យអស់សំណើច និងប្លែក ព្រោះខ្ញុំមិនដែលឮនរណាម្នាក់ប្រៀបធៀបត្រីឆ្លាមជាមួយមនុស្សទេ៕
សូមទស្សនារូបភាពខាងក្រោម៖






