តាកែវ៖ ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT ដែលកំពុងធ្វើការរួមគ្នាក្នុងការការពារនិងអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងភូមិសាស្ត្រខេត្តតាកែវ បានរកឃើញថាសំបុកសត្វស្លាបទឹកជាច្រើនប្រភេទមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ ២០២១ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការជំរឿនសំបុកសត្វស្លាបជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០២០ និង២០២១នេះ។ នៅក្នុងឆ្នាំ ២០២១ នេះ សំបុកសត្វស្លាបទឹកចំនួន ០៦ ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន៖ សំបុកសត្វចង្កៀលខ្យងចំនួន២៩៣១ សម្បុក ក្អែកទឹកតូចចំនួន ២៨៥ សំបុក សត្វខ្វែក ១៨០ សំបុក សត្វស្មោញ៣២ សំបុក ក្រសារប្រផេះ៣០ សំបុក សាធ្នង់២២ សំបុក។ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងមក ក្រុមអភិរក្សបានសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។
តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទ ក្នុងនោះមានសត្វស្លាប់កម្រនិងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម។ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់អភិរក្សចាប់តាំងពីឆ្នាំ២០០៧មក ឃើញថាចំនួនសត្វស្លាបទឹកមួយចំនួនមានការកើនឡើង ជាពិសេសចាប់ពីឆ្នាំ២០២០សត្វស្លាបទឹកជាច្រើនប្រភេទដូចចង្កៀលខ្យង ស្មោញ ជាដើមបានកាច់សំបុកពងកូននៅតំបន់នេះកាន់តែច្រើនឡើងៗ នេះជាសញ្ញាដ៏ល្អដែលកើតចេញពីកិច្ចសហការប្រឹងប្រែងគ្រប់គ្រងនិងអភិរក្សតំបន់ដីសើមនេះដែលដឹកនាំដោយក្រសួងបរិស្ថាន។
គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន (ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ) អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨៣០៥ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕