នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបាននិទ្ទេសA ក្នុងឆ្នាំសិក្សា២០២៣-២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីនេះបានរៀបចំឡើងនៅសាលប្រជុំអាគារ ឃ សាលាខេត្ត ដែលចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៨លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន៣៧ នាក់។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៣៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជិត ៧៣% ទទួលបាននិទ្ទេស A ចំនួន ៣៧នាក់។
ឯកឧត្តម បន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀន សិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ។
ឯកឧត្តម បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។
- ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងធ្វើអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ។
- ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។
- ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។
- ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។
ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៣៧នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១ និងថវិកា ២០០,០០០ រៀល។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកសាលាទាំង១៤ ម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕
ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ MOI TV News