រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តយុវជនអានសៀវភៅឱ្យបានច្រើន ដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់

//s9.kh1.co/c6/c65f05f5257d496d17cbab64d60f36a1ab2df61d.jpg
សង្គម

 ២០-ធ្នូ-២០២៤ ១០ព្រឹក · ១៥ ម៉ោងមុន

រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តយុវជនអានសៀវភៅឱ្យបានច្រើន ដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសំណូមពរឱ្យយុវជនអានសៀវភៅឱ្យបានច្រើន ដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់ និងកសាងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ថ្លែងក្នុងពិធីបើកពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាន ប្រសាសន៍ថា សៀវភៅ ការបោះពុម្ពផ្សាយនិងការតែងនិពន្ធ គឺបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ហើយប្រសិនបើគ្មានសៀវភៅទេ ក៏មិនអាចផ្ទេរនូវចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។ ដូច្នេះសៀវភៅ មានការចាំបាច់ ទាំងការផ្សព្វផ្សាយនូវចំណេះដឹងទូទៅផ្សព្វផ្សាយចំណេះដឹងខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសផ្សព្វផ្សាយ វប្បធម៌ ក៏ដូចជា អក្សរសាស្ត្រជាតិ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តថា ដើម្បីឱ្យអក្សរសិល្ប៍ជាតិមានភាពរីកចម្រើន ទាល់តែប្រជាពលរដ្ឋអានឱ្យបានច្រើន ហើយមិនត្រឹមតែអានអក្សរជាតិប៉ុណ្ណោះទេ គឺអានទាំងអក្សរបរទេសផងដែរ ទើបកម្ពុជាកាន់តែរីកចម្រើន ព្រោះថាអ្នកនិពន្ធដែលល្បី ហើយរីកចម្រើន គឺគាត់មានចំណេះដឹងទូលំទូលាយ។

រូបភាព
រូបភាព

ឯកឧត្តម បណ្ឌិតសភាចារ្យ បានបញ្ជាក់ថា នៅយុគ្គសម័យហ្វេសប៊ុក យុវជនមានការអានសៀវភៅតិចតួចដែលធ្វើឱ្យចំណេះដឹងរបស់ពួកគេនៅមានកម្រិត ជាពិសេស នៅពេលដែលពួកគេ មើលតែរឿងរ៉ាវខ្លីៗ និងរឿងរ៉ាវឈ្លោះគ្នារបស់អ្នកដទៃ។ ឯកឧត្តម បណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ការដែលលេងហ្វេសប៊ុកច្រើន ជាពិសេសនៅពេលដែលមាន Chat GPT ឬ AI ធ្វើឱ្យមនុស្សកាន់តែ មិនចង់អានសៀវភៅ ព្រោះអាចបញ្ជាឱ្យម៉ាស៊ីនជាអ្នកធ្វើជំនួសវិញ ដែលនេះជាបញ្ហាប្រឈមធំមួយសម្រាប់មនុស្ស ជាតិ ពិសេសយុវជន។ ដូចនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យយុវជនអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនចំណេះ ដឹង ព្រោះថាការអានសៀវភៅ ផ្តល់នូវចំណេះដឹងកម្រិតខ្ពស់។ បន្ថែមពីនោះទៀត ការរៀបចំនូវពិព័រណ៍សៀវភៅ នាពេលនេះ ជាការលើក ទឹកចិត្តដល់អ្នកនិពន្ធទាំងសរសេរ និងអានបានបង្ហាញស្នាដៃ ព្រមទាំងបានលើកស្ទួយដល់ខឿនវប្បធម៌ អរិយធម៌របស់ប្រជាជាតិផងដែរ។ « ដូច្នេះខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនចាប់កាន់សៀវភៅហើយប្តេជ្ញាចិត្តថាអានសៀវភៅដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់ហើយកុំយកចំណេះដឹងកម្រិតទាប ចំណេះដឹងកម្រិតទាបគឺអានតាមហ្វេសបុករឿងរ៉ាវគេជេរគ្នា គេឈ្មោះគ្នា។ អីចឹងសូមអានយកចំណេះដឹងកម្រិតខ្ពស់ដើម្បីកសាងធនធាន មនុស្សនៅកម្ពុជា»។

សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤នេះ ក្នុងគោលបំណង ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ ទាំងស្នាដៃអ្នកនិពន្ធចាស់-ថ្មី ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស, ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ, បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារ ឱ្យស្រឡាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ, គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក និងលើកទឹកចិត្តកវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នេះធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃទី ១៩ដល់ ២២ ខែធ្នូ ដែលមានទីតាំងស្ថិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណសួនច្បារខាងមុខសាលាបុរីកោះពេជ្រ)៕

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T