រាជធានីភ្នំពេញ៖ យោងតាមគេហទំព័រ Royal du Cambodge កាលពីម្សិលមិញនេះ បានបង្ហោះសារដ៏សែនសោកសៅថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទ្រង់បានចូលទិង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវេលាម៉ោង ៣៖៤០នាទីម៉ោងនៅទីក្រុងភ្នំពេញ ដោយព្រះជរាពាធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
ជុំវិញដំណឹងដ៏សោកសង្រែកនេះ បានធ្វើឱ្យប្រជានុរាស្ត្រ ថ្វាយព្រះរាជអាល័យ ចំពោះព្រះរាជមរណៈទុក្ខរបស់សម្តេចក្រុមព្រះ។
ទន្ទឹមនឹងនោះ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ព្រះនាង នរោត្តម ជេនណា បានសម្តែងព្រះទ័យថា៖
ខ្ញុំម្ចាស់ ស្លុតរន្ធត់រំជួលចិត្តជាពន់ពេកចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចតាក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង ៩:៤០នាទីព្រឹក ត្រូវនឹងម៉ោង ៣:៤០នាទីរសៀលម៉ោងនៅភ្នំពេញ ក្នុងព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំង ក្នុងពេលដែលព្រះអង្គកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ។ ខ្ញុំម្ចាស់ និងសមាជិកសមាជិកានៃក្រុមហ៊ុន NCJ Empire Studio សូមបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចតាក្រុមព្រះ ស្តេចយាងទៅកាន់បរមសុខឋានកុំបីឃ្លាងឃ្លាតឡេីយ។









