ឈីលី៖ កាលពីថ្មីៗនេះ មន្ត្រីបរិស្ថានរបស់ប្រទេសឈីលី បានអំពាវនាវឲ្យចក្រភពអង់គ្លេសទទួលខុសត្រូវ និងបញ្ឈប់សម្លៀកបំពាក់រាប់ពាន់តោនពីខាងអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក ដែលត្រូវបានបោះចោលដោយខុសច្បាប់នៅវាលខ្សាច់ Atacama ក្នុងប្រទេសឈីលី ខណៈឧស្សាហកម្មសម្លៀកបំពាក់តម្លៃថោកផលិតឡើងយ៉ាងឆាប់រហ័ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្នកស្រី Maisa Rojas បានថ្លែងទៅកាន់ប្រភពព័ត៌មានឲ្យដឹងថា នារយៈពេលប៉ុន្មានទស្សវត្សរ៍ថ្មីៗនេះ ការកើនឡើងនៃចំណង់របស់លោកខាងលិចសម្រាប់ម៉ូដសម្លៀកបំពាក់តម្លៃទាបៗ បានជម្រុញឲ្យប្រទេសចិន និងប្រទេសបង់ក្លាដែសផលិតច្រើនហួសហេតុពេក។ ហើយទំនិញត្រូវបាននាំចេញពីរោងចក្រនៅអាស៊ី ទៅកាន់ទីផ្សារអឺរ៉ុបខាងលិច និងអាមេរិកខាងជើង រួមទាំងចក្រភពអង់គ្លេសផងដែរ ដែលពួកគេត្រូវបានលក់ក្នុងតម្លៃយ៉ាងទាបបំផុត។ ប៉ុន្ដែសម្លៀកបំពាក់ខ្លះ ដែលមិនត្រូវបានលក់ចេញ និងត្រូវបានទិញដោយពាណិជ្ជករនៅក្នុងប្រទេស ដូចជាប្រទេសឈីលី និងអ៊ូហ្គង់ដាជាដើម ហើយបន្ទាប់មក ព្យាយាមដួញដូរនៅទីផ្សារក្នុងស្រុក ឬរត់ពន្ធឆ្លងកាត់ព្រំដែន។
តួយ៉ាង សម្លៀកបំពាក់ប្រហែល៦០,០០០តោន បានមកដល់ជារៀងរាល់ឆ្នាំនៅឯកំពង់ផែ Iquique ភាគខាងជើងនៃប្រទេសឈីលី ដែលជាកន្លែងវាត្រូវបានទិញដោយឈ្មួញសម្លៀកបំពាក់ ឬត្រូវបានរត់ពន្ធនៅកន្លែងផ្សេង។ ប៉ុន្ដែយ៉ាងហោចណាស់សម្លៀកបំពាក់៣៩,០០០តោន ដែលមិនអាចលក់បាន ធ្លាក់ចូលទៅក្នុងគំនរសំរាមនៅវាលខ្សាច់ផ្ទាល់តែម្ដង។
យ៉ាងណាមិញ ដោយគ្មានមធ្យោបាយស្របច្បាប់ក្នុងការបោះចោល គំនរសម្លៀកបំពាក់ដ៏ធំសម្បើមដូចភ្នំដែលបំផ្លាញទេសភាព ត្រូវបានដុតចោល បញ្ចេញផ្សែងពុល និងបំពុលដី ហើយមួយផ្នែកទៀត ត្រូវបានយកទៅកែច្នៃផលិតចេញជាបន្ទះឈើសម្រាប់ជញ្ជាំងផ្ទះផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖











