គ្នាយើងដឹងអត់ថា សុខភាពមាត់ធ្មេញ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនផងដែរ។ សូម្បីតែក្លិនមាត់ ពណ៌អណ្ដាត និងបញ្ហាអញ្ចាញធ្មេញ គឺសុទ្ធតែអាចជាសញ្ញាព្រមានសំខាន់ៗ ដែលយើងមិនគួរធ្វេសប្រហែសឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ឈាមអញ្ចាញធ្មេញ
បើអញ្ចាញមានពណ៌ស្លេកស្លាំង ឬចេញឈាម នៅពេលដែលយើងដុសធ្មេញ នោះអាចជាសញ្ញានៃជំងឺអញ្ចាញធ្មេញ ដែលអាចនាំឲ្យកើតមានបញ្ហាសុខភាពផ្សេងទៀត។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យHarvard បានរកឃើញថា អ្នកជំងឺអញ្ចាញធ្មេញ ងាយនឹងប្រឈមនឹងអាការៈគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល ច្រើនជាងគ្នាយើងធម្មតាដល់ទៅ២ ទៅ៣ដង។
ករណីនេះ បណ្ដាលមកពីការរលាកដែលអាចនាំឲ្យសរសៃឈាមរឹង និងបង្កើនហានិភ័យនៃជំងឺបេះដូង។ ម្យ៉ាងវិញទៀត អញ្ចាញធ្មេញហើម ឬចេញឈាមក៏អាចជាសញ្ញានៃកង្វះវីតាមីន។ ដូច្នេះហើយ យើងគួរញ៉ាំអាហារសម្បូរវីតាមីនចម្រុះ និងខ្លាញ់ត្រីអូមេហ្គា-៣ ដើម្បីជួយទ្រទ្រង់បញ្ហាកង្វះអាហារូបត្ថម្ភ។
២. អណ្ដាតពណ៌ស
ជាធម្មតា អណ្ដាតឡើងពណ៌សមិនបង្កជាបញ្ហាណាមួយឡើយ។ ប៉ុន្តែ ជួនកាល ស្ថានភាពនេះក៏អាចបង្ហាញពីការឆ្លងមេរោគ ឬបញ្ហាធ្ងន់ធ្ងរ ដូចជាជំងឺមហារីក ឬបញ្ហាស្រាល ដូចជាឡើងច្រាំងអណ្ដាត។
៣. ដំបៅមាត់
ទន្ទឹមនឹងនេះដែរ ដំបៅមាត់ច្រើនតែមិនបង្កជាបញ្ហាអ្វីឡើយ ព្រមទាំងអាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃ ឬពីរបីសប្ដាហ៍ ដែលអាស្រ័យលើមូលហេតុបង្កជាក់ស្ដែង។ បញ្ហាស្រាលមួយចំនួន រួមមានខាំខាងក្នុងថ្ពាល់ ធ្មេញដុះមិនត្រង់ជួរ ថ្នាំដុសធ្មេញដែលផ្ទុកជាតិសូដ្យូមLauryl sulphate និងការប្រតិកម្មនឹងអាហារ ។ យ៉ាងណាមិញ ដំបៅមាត់ក៏អាចជាសញ្ញានៃការប្រែប្រួលអ័រម៉ូន កង្វះវីតាមីនB ស័ង្កសី និងជាតិដែក។ មួយវិញទៀត សញ្ញានេះក៏អាចបណ្តាលមកពីជំងឺដៃ ជើង និងមាត់ ជំងឺCrohn’s disease ឬខ្សោយប្រព័ន្ធភាពស៊ាំដោយសារតែកើតជំងឺអេដស៍ ឬជំងឺLupus។
៤. ក្លិនមាត់មិនល្អ
ក្រៅពីអនាម័យមាត់ធ្មេញមិនល្អ ឬញ៉ាំអាហារដែលនាំឲ្យមានក្លិនមាត់ បញ្ហានេះក៏អាចជាសញ្ញានៃជំងឺអញ្ចាញធ្មេញ។ ការរលាកក្នុងច្រមុះ ឬបំពង់កក៏អាចនាំឲ្យមានក្លិនមាត់មិនល្អដូចគ្នា។ បន្ថែមពីនេះ ជំងឺមហារីកមួយចំនួន ឬការច្រាលអាស៊ីដក្រពះ ក៏ជាប់ពាក់ព័ន្ធនឹងក្លិនមាត់មិនល្អដែរ។
ចំណុចសំខាន់
គ្រាន់តែសង្កេតមើលសុខភាពមាត់ធ្មេញ ក៏អាចឲ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងបានដែរ។ បញ្ហាមាត់ធ្មេញមួយចំនួនដូចជា ឈាមអញ្ចាញធ្មេញ អណ្តាតពណ៌ស ដំបៅមាត់។ល។ សុទ្ធតែជាសញ្ញាព្រមាននៃបញ្ហាសុខភាពផ្សេងៗ ដែលយើងមិនគួរមើលរំលងឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet