យល់ដឹង៖ មនុស្សយើងម្នាក់ៗគ្មានអ្នកណាម្នាក់ចង់រៀបការខុសនោះទេ គឺម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានជីវិតគូដ៏ល្អមួយ ដែលអាចស្រលាញ់ និងមើលថែគ្នារហូតដល់ចាស់កោងខ្នង ទើបការសម្រេចចិត្តលើរឿងរៀបការនេះមួយ គឺតម្រូវឱ្យយើងរាល់គ្នា ត្រូវចេះសង្កេតមើលទៅលើដៃគូអនាគត និងគិតពិចារណាថាមនុស្សម្នាក់នោះ ពិតជាអាចធ្វើជាដៃគូជីវិតដ៏ល្អសម្រាប់អ្នកពិតមែនឬក៏អត់ លើសពីនេះ វាក៏ត្រូវពេលវេលាឱ្យអ្នកក្នុងការមើលចិត្តគ្នាដែរ មិនមែនឱ្យតែស្រលាញ់ ដឹងតែរៀបការនឹងគ្នានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដូច្នេះហើយ ចំពោះមនុស្សពីរនាក់ដែលកំពុងតែស្រលាញ់គ្នា ហើយក៏កំពុងស្ថិតក្នុងការគិតពិចារណាលើរឿងរៀបការជាមួយគ្នា តែមិនដឹងថាត្រូវមើលចិត្តគ្នារយៈពេលយូរប៉ុណ្ណា ទើបល្អក្នុងការរៀបការនឹងគ្នា? ចម្លើយនោះគឺថាវាពិតជាស្ថិតនៅលើពេលវេលាពិតមែន ស្គាល់គ្នាកាន់តែយូរគឺកាន់តែអាចទុកចិត្ត និងជឿជាក់លើគ្នាបាន ប៉ុន្តែក៏មានគូស្នេហ៍មួយចំនួន គេអាចនឹងស្គាល់គ្នាក្នុងរយៈពេលសមល្មមណាមួយ ប៉ុន្តែចិត្តគំនិតរបស់គេស្រដៀងគ្នា វាងាយនឹងធ្វើឱ្យគេមានការចុះសម្រុងនឹងគ្នាបានលឿន ជាងអ្នកដែលស្រលាញ់គ្នារាប់ឆ្នាំ។

ហេតុនេះ រយៈពេលយូរប៉ុណ្ណាទើបល្អបំផុតក្នុងការរៀបការនឹងគ្នានោះ គឺជាពេលវេលាណាមួយ ដែលមនុសស្សពីរនាក់ បានត្រៀមខ្លួនរួចរាល់ និងបានជឿជាក់លើគ្នាយ៉ាងពេញទំហឹងថាអាចធ្វើជាទីបង្អែកឱ្យគ្នាបានគ្រប់ពេល មិនថាពេលមាន ក្រ ឬជួបបញ្ហាអ្វីក៏មិនបោះបង់ចោលគ្នា ទើបជីវិតគូទៅថ្ងៃមុខ ពោរពេញដោយក្តីសុខ។

ជាងនេះទៅទៀត ក៏មានគូស្នេហ៍ខ្លះ ប្រើរយៈពេលដល់ទៅរាប់ឆ្នាំ ដើម្បីមើលចិត្តគ្នា ប៉ុន្តែចុងក្រោយនៅតែមិនបានផលអ្វី នោះក៏ព្រោះតែមនុស្សម្នាក់នោះ មិនមែនជាមនុស្សត្រឹមត្រូវម្នាក់ ដែលអ្នកគួរតែជ្រើសរើស ហើយអ្នករាល់គ្នាក៏ត្រូវចាំដែរថា ទោះត្រូវប្រើពេលវេលាមើលចិត្តគ្នាមុននឹងរៀបការក៏ពិតមែន តែបើមនុស្សម្នាក់នោះ ពិតជាអាចផ្តល់អនាគតឱ្យអ្នកបាន គឺមិនប្រើរយៈពេលយូរ រហូតធ្វើឱ្យអ្នកអស់ជំនឿលើនោះទេ។

ជារួមមក រយៈពេលដែលត្រូវមើលចិត្តគ្នា វាមិនសំខាន់ត្រង់ថាត្រូវប្រើរយៈពេលយូរប៉ុណ្ណា ឬលឿនប៉ុណ្ណានោះទេ អ្វីដែលសំខាន់គឺមនុស្សពីរនាក់ បានត្រៀមខ្លួនរួចរាល់ និងអាចជឿជាក់លើគ្នាបានថាជ្រើសរើសមនុស្សត្រឹមត្រូវហើយ មិនមែនឱ្យតែស្រលាញ់គ្នា គឺដឹងតែព្រមរៀបការនឹងគ្នាទេ។ ម្យ៉ាងពេលវេលាក៏អាចបង្ហាញពីធាតុពិតរបស់មនុស្សដែរ ហើយបើមនុស្សម្នាក់នោះពិតជាល្អឬមិនល្អសម្រាប់អ្នក មិនយូរមិនឆាប់គេនឹងបញ្ចេញធាតុពិតរបស់គេ ឱ្យអ្នកបានឃើញដោយខ្លួនឯង៕