ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ពីធីបុណ្យភ្ជុំបិណ្ឌតែងប្រារព្ធឡើងនៅខែភទ្របទ្រ នៅថ្ងៃ១រោច រហូតដល់១៥រោច ដែលប្រជាពរដ្ឋខ្មែរចាត់ទុកថាជាពិធីបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរទាំងអស់ ព្រោះពិធីបុណ្យនេះមានរហូតដល់១៥ថ្ងៃ គិតចាប់ពីថ្ងៃដាក់បិណ្ឌ រហូតដល់ថ្ងៃកាន់បិណ្ឌ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើមកំណើតនៃពិធីបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បានចាប់កំណើតឡើងនៅក្នុងរាជ្យព្រះបាទព្រះហរិរក្សារាមាឥស្សរាធិបតីអង្គឌួង ឬព្រះបាទអង្គឌួង(គ្រងរាជ្យពីឆ្នាំ១៧៩៦- ដល់ឆ្នាំ១៨៦០) ដើម្បីជាការឧទ្ទិសកុសលជូនចំពោះបុព្វការីជន និងអ្នកដែលអ្នកបានពលីជីវិតដើម្បីប្រទេសជាតិ។
ពាក្យថា «ភ្ជុំបិណ្ឌ» មកពីពាក្យ«ភ្ជុំ» ដែលមានន័យថាជាការប្រមូល។ រីឯ«បិណ្ឌ» ជាពាក្យបាលីមានន័យថាបាយពំនូត។ ដូចនេះ«បុណ្យភ្ជុំបិណ្ឌ» មានន័យថាប្រមូលផ្តុំគ្រាប់បាយពំនូតឬបាយបិណ្ឌខ្មែរ ហើយប្រជាជនខ្មែរ ជឿថាពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺប្រារព្ធឡើងដើម្បីឧទ្ទិសជូនដល់ញាតិសន្តានដែលបានចែកឋានទៅ ដែលមិនដឹងថាបានទៅកើតជាអ្វី។
ទំនៀមទម្លាប់នៃពិធីបុណ្យភ្ជុំបិណ្ឌ
រៀងរាល់ពេលរសៀលនៃថ្ងៃកាន់បិណ្ឌ មានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដោយការនិមន្តព្រះសង្ឃតាមវត្តនីមួយៗ ចម្រើនព្រះបរិត្តជាសិរីមង្គល និងស្តាប់ព្រះធម៌ទេសនា លុះដល់ពេលប្រមាណជាម៉ោងបួនជិតភ្លឺ ព្រះសង្ឃទូងស្គរ ឬគោះរគាំងដើម្បីបំពេញកិច្ចវត្តក្នុងរដូវចូលព្រះវស្សា ពុទ្ធបរិស័ទក៏តែងងើបឡើងធ្វើដំណើរទៅវត្ត ដោយនាំទៅជាមួយនូវបាយដំណើប ដែលកាត់ជាដុំតូចៗ សម្រាប់យយកទៅបោះបាយបិណ្ឌ។
ការបោះបាយបិណ្ឌ គឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរ តែងតែធ្វើ ដោយយកបាយបិណ្ឌដែលដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ហើយគេពូតជាដុំតូចៗ សម្រាប់យកទៅបោះនៅតាមកៀនព្រះវិហារ ដែលគេជឿថាប្រេត ឬអសុរកាយ និងមកទទួលនៅទីនោះ។
ក្រៅពីនេះ នៅក្នុងចន្លោះរយៈពេល១៥ថ្ងៃ នៃការដាក់បិណ្ឌ និងកាន់បិណ្ឌ រាល់ព្រឹកព្រលឹម ពុទ្ធបរិសុទ្ធតែងតែបាននាំយកនូវចង្ហាន់ ដែលមានទាំងម្ហូបអាហារ នំចំណី ភេសជ្ជៈ បង្អែម និងបច្ច័យយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ញាតិកាលទាំង៧សន្តាន ដោយប្រជាជនខ្មែរតែងជឿថាមគ្គផលដែលបានធ្វើ និងឧទ្ទិសទៅដល់អ្នកដែលបានចែកឋានទៅ ដើម្បីបានកើតនៅក្នុងទីឋានណាមួយដែលល្អ៕