បើមិនព្យាបាលត្រឹមត្រូវ! ទាំងនេះជាផលវិបាកជំងឺទឹកនោមផ្អែមប្រភទ២!

//s9.kh1.co/6d/6d4b20fafc0bfb05abd055d65152a25cd953624b.jpg
យល់ដឹង

 ១៦-កញ្ញា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ជំងឺទឹកនោមផ្អែមប្រភេទ២ក្នុងដំណាក់កាលដំបូង មិនបានបង្ហាញរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ ហើយអ្នកជំងឺក៏មិនបានចាប់អារម្មណ៍ និង ធ្វើតេស្ដរកជំងឺនេះផងដែរ។

ជំងឺទឹកនោមផ្អែមប្រភេទ២ក្នុងដំណាក់កាលដំបូង មិនបានបង្ហាញរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ ហើយអ្នកជំងឺក៏មិនបានចាប់អារម្មណ៍ និង ធ្វើតេស្ដរកជំងឺនេះផងដែរ។ ប៉ុន្ដែនៅពេល ជំងឺនេះវិវត្ដទៅជាចេញរោគសញ្ញាណាមួយច្បាស់លាស់ ដូចជាហើមជើង អស់កម្លាំង ឡើងជាតិស្ករខ្ពស់ នោះសុខភាពយើង ក៏កំពុងតែទទួលការវាយប្រហារពីជំងឺនេះខ្លាំងផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រោគសញ្ញាសំខាន់ៗនៃជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺដែលបង្ហាញរោគសញ្ញាទាំងនេះត្រូវតាមដានសុខភាព ធ្វើតេស្ដជាតិស្ករក្នុងឈាម ជាចាំបាច់ដើម្បីការពារ ជៀសវាងជួបបញ្ហាប្រឈមកើតមានផ្សេងៗ។

ករណីដែលអ្នកជំងឺកើតទឹកនោមផ្អែមប្រភេទ២ មិនបានព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវ ក្នុងរយៈពេលយូរ ជំងឺរ៉ាំរៃមួយនេះនឹងបង្កផលប៉ះពាល់ផ្នែកសំខាន់នៃរាងកាយដូចជា៖

សរសៃឈាម និងបេះដូង៖ ព្រោះជំងឺទឹកនោមផ្អែមប្រភេទ២ បង្កឡើងដោយការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ដូច្នេះប្រសិនជំងឺនេះមិនទទួលបានការព្យាបាលត្រឹមត្រូវទេ វានឹងបង្កជាជំងឺ ដូចជា គាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង លើសសម្ពាធឈាមជាដើម។

បំផ្លាញប្រព័ន្ធប្រសាទ៖ ព្រោះការកើនឡើងជាតិស្ករអាចបណ្ដាលឲ្យគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជាកត្ដាចំបងដែលបង្កឲ្យសរសៃប្រសាទមិនអាចបំពេញមុខងារបានល្អ។ ដូច្នេះអ្នកអាចនឹងជួបប្រទះបញ្ហាក្រហាយ ឬស្ពឹកឈឺឆៀបៗត្រង់ប្រអប់ដៃ ដើមដៃ ជើង និងប្រអប់ជើងជាដើម។ ការប៉ះពាល់ប្រព័ន្ធប្រសាទ ក៏អាចបង្កការរំខានដល់ប្រព័ន្ធរំលាយអាហារផងដែរ ដូច្នេះអ្នកជំងឺអាចមានអាការៈ ក្អួត រាក ទល់លាមក បើបុរសអាចឈានដល់ការកើតជំងឺអសមត្ថភាពផ្លូវភេទទៀតផង។

ខូចតម្រងនោម៖ អ្នកកើតជំងឹទឹកនោមផ្អែមប្រឈមគ្រោះថ្នាក់ ខូចខាតខ្លាំងបំផុតគឺតម្រងនោមព្រោះតម្រងនោមគឺមានមុខងារពិសេសជួយច្រោះជាតិពុលចេញពីឈាម ដូច្នេះការកើនឡើងជាតិស្ករខ្ពស់ ធ្វើឲ្យតម្រងនោមងាយរងគ្រោះខ្លាំងណាស់។

ខ្សោយភ្នែក៖ ក្នុងករណីនេះអ្នកជំងឺទឹកនោមផ្អែម ប្រឈមនឹងការស្រវាំងភ្នែក ព្រោះសរសៃឈាមតូចៗនៅក្នុងភ្នែកទទួលរងការបំផ្លាញដោយជាតិស្ករ ដែលមិនអាចគ្រប់គ្រងបាន។ ករណីនេះអ្នកជំងឺអាចឈានដល់ការងងឹត​ភ្នែក។

នៅមានកត្ដាប្រឈមផ្សេងៗទៀត ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម មិនបានទទួលការព្យាបាលត្រឹមត្រូវ ដូចជា អ្នកជំងឺមានបញ្ហាស្បែកស្ងួត ត្រចៀកស្ដាប់មិនសូវលឺ វង្វេង ខ្សោយការចងចាំ ឡើងជាតិអាស៊ីតនៅជើង និង កើតជំងឺស្ដ្រេសជាដើម ករណីភាគច្រើនអ្នកជំងឺប្រឈមនឹងការលើសសម្ពាធឈាម។

តើអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២អាចបញ្ជៀសខ្លួនចេញពីបញ្ហាទាំងនេះបានឬទេ?

ជាក់ស្ដែងណាស់ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលទទួលបានការព្យាបាលត្រឹមត្រូវ និងមើលថែសុខភាពបានល្អ នោះពួកគាត់នឹងមានសុខភាពល្អ អាយុវែងដូចមនុស្សធម្មតា។ វិធីនៃការ ថែរក្សាខ្លួនឲ្យបានល្អ មានដូចជា៖

អ្នកជំងឺត្រូវគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ ជៀសវាងប្រភេទអាហារដែលមាន ជាតិខ្លាញ់ ជាតិកាបូអ៊ីដ្រាត ជាតិផ្អែម ជាតិស្រវឹង ពិសេសប្រភេទកែច្នៃរហ័ស។

អ្នកជំងឺត្រូវបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ពោលបង្កើតទម្លាប់ឲ្យរាងកាយមានសកម្មភាព ប្រើប្រាស់ថាមពល ឲ្យបានច្រើន។

អ្នកជំងឺត្រូវតាមដានរោគសញ្ញាជំងឺ សម្គាល់លើអាការៈប្រែប្រួល និង ត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម ជាប្រចាំ។

អ្នក​ត្រូវ​ទៅជួបគ្រូពេទ្យឲ្យបានទៀងពេល ក្នុងករណីដែលមានអាការៈមិនសូវស្រួល ត្រូវប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានលឿនបំផុត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T