អំឡុងពេលពពោះ និងក្រោយសម្រាលកូន ម៉ាក់ៗតែងប្រឈមនឹងការប្រែប្រួលជាច្រើននៅក្នុងរាងកាយ ដែលកត្តានេះអាចនាំឲ្យយើងងាយប្រឈមនឹងការឆ្លងមេរោគផ្សេងៗដោយមិនដឹងខ្លួន។ ពិតណាស់ ការបង្ករោគអាចប៉ះពាល់សុខភាពក្រោយសម្រាល ដែលទាមទារឲ្យម៉ាក់ៗត្រូវទទួលការព្យាបាលកាន់តែឆាប់កាន់តែប្រសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុនៃការបង្ករោគក្រោយសម្រាលកូន
ការឆ្លងមេរោគក្រោយសម្រាល កើតឡើងដោយសារតែពពួកបាក់តេរី និងមេរោគផ្សេងៗដែលរស់នៅក្នុងទ្វារមាស និងទំនងជាអាចប៉ះពាល់ដល់រាងកាយរបស់ស្ត្រីបន្ទាប់ពីសម្រាលកូនរួច។ ការឆ្លងមេរោគក្រោយសម្រាល អាចលេចចេញជាអាប់សែ នៅក្នុងសុដន់ គ្រុនរងា គ្រុនក្ដៅ ហើមនៅផ្នែកផ្សេងៗនៃរាងកាយ ឬឈឺពោះក្រោយសម្រាល។
លក្ខខណ្ឌដែលស្ត្រីអាចវិវត្តទៅជាការបង្ករោគ រួមមាន៖
- សម្រាលរយៈពេលយូរ
- សម្រាលដោយវះកាត់
- ការពិនិត្យមាត់ស្បូនច្រើនដង អំឡុងពេលពេលឈឺពោះ
- បាក់តេរីទ្វារមាស
- ជំងឺស្លេកស្លាំង
- ជំងឺទឹកនោមផ្អែម
- អាយុក្មេងពេក
រោគសញ្ញាទូទៅនៃការឆ្លងមេរោគក្រោយសម្រាល
- ធ្លាក់ឈាមពីទ្វារមាស
- ទ្វារមាសធុំក្លិនមិនល្អ
- ធ្លាក់ឈាមតិចតួច ឬមិនធ្លាក់ឈាមសោះក្រោយសម្រាល
- ហើមស្បូន
- ឈឺសុដន់ម្ខាង ឬទាំងសងខាង
- ចង្អោរ ឬក្អួតញឹកញាប់
- ពិបាកដកដកដង្ហើម
- រមាស់ទ្វារមាស
- គ្រុនក្ដៅ
- ពិបាកនោម។
ក្នុងករណីដែលម៉ាក់ៗមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ គួរពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ ជាទូទៅ ការឆ្លងមេរោគក្រោយសម្រាល អាចព្យាបាលជាសះស្បើយក្នុងរយៈពេលខ្លី ដោយការប្រើប្រាស់ពពួកថ្នាំផ្សះ។
គន្លឹះបញ្ចៀសការបង្ករោគក្រោយសម្រាល
- ញ៉ាំទឹកឲ្យបានច្រើន
- លាងសម្អាតដៃឲ្យបានស្អាត មុនពេលប៉ះពាល់តំបន់ពិសេស
- ជូតសម្អាតពីខាងមុខ ទៅក្រោយ បន្ទាប់ពីនោមរួច
- ស្លៀកខោទ្រនាប់ និងសំលៀកបំពាក់ដែលធ្វើពីកប្បាស និងមានខ្យល់ចេញចូល
- ផ្លាស់ប្ដូរសំឡីអនាម័យឲ្យបានញឹកញាប់ ក្នុងរយៈពេល៣ ទៅ៤ម៉ោងម្ដង ពេលរដូវចាប់ផ្ដើមមកវិញ
- ប្រើថ្នាំផ្សះតាមវេជ្ជបញ្ជា
- ញ៉ាំអាហារដែលសម្បូរជាតិដែក ពីព្រោះជំងឺស្លេកស្លាំងបណ្ដាលមកពីខ្វះសារជាតិដែក ក៏អាចបង្កឲ្យមានការឆ្លងមេរោគដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet