បរទេស៖ PSV Eindhoven បានស៊ើបសួរ អំពីការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Anthony Elanga ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែ Erik ten Hag នៅតែស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកីឡាកររូបនេះចាកចេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករវ័យ ២០ ឆ្នាំរូបនេះខាងលើ បង្ហាញខ្លួនក្នុងជម្រើសដំបូងបានតែ ៧ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Erik ten Hag ក្នុងរដូវកាលនេះ បើទោះបីជាបានចូលលេងច្រើនកាលពីលោក Ralf Rangnick ដឹកនាំ ក៏ដោយ។

ទន្ទឹមនឹងនេះ Elanga ត្រូវបានគេរាយការណ៍មកថា មានការថ្នាក់ថ្នាំងចិត្ត ដោយសារកង្វះពេលវេលានៃការចូលលេង ហើយកីឡាករស៊ុយអែតរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅក្លិប Everton ក្នុងកិច្ចសន្យាខ្ចីជើង ។
ស្របពេលដែល Ten Hag កំពុងពិចារណា ថាតើតារាវ័យក្មេងរបស់ United រូបនេះ ស្ថិតក្នុងគម្រោងរបស់គាត់ឬយ៉ាងណា អតីតខ្សែប្រយុទ្ធរបស់ Man United លោក Ruud van Nistelrooy មានគំនិតក្នុងការនាំយកគាត់ទៅ PSV ក្នុងកិច្ចសន្យាខ្ចីជើង។

Elanga ត្រូវបានមើលឃើញថា គេបានត្រឹមជាជម្រើសបន្ទាប់ពី Marcus Rashford, Bruno Fernandes, Antony, Anthony Martial ហើយសូម្បីតែ Alejandro Garnacho វ័យ ១៨ឆ្នាំក៏នៅជម្រើសមុនគេដែរ។
គួរបញ្ជាក់ដែរថា ក្រៅពី Elanga ក្លិប PSV ក៏បានដាក់សំណើរយក ខ្សែការពាររបស់ Everton កីឡាករ Jarrad Branthwaite វ័យ២០ ឆ្នាំ ផងដែរ ក្នុងកិច្ចសន្យាខ្ចីជើង៕
