ភ្នំពេញ៖ គោរពនឹងអនុវត្តតាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្ដក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ នៅក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាស (ពិធីសម្ពោធអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ) ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ខ្ញុំនិយាយថាប្រជាជនប្រមាណ ៥ម៉ឺននាក់ បានជិះរថយន្ដក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ក្នុងពេលចូលឆ្នាំកន្លងមកនេះ។ ពេលនោះខ្ញុំបានលើកឡើងថា ប្រជាជនស្គាល់គ្នាលើឡានក្រុង ដែលអាចមានកំលោះក្រមុំស្គាល់គ្នា និងប្រសិនបើរៀបការសូមប្រាប់ខ្ញុំផង ដើម្បីជាចំណងដៃសម្រាប់ក្រមុំកំលោះទាំងឡាយ ដែលបានស្គាល់គ្នាលើឡានក្រុង សូមស្ដាប់បទ (ចន្ទរះលើរថយន្ដក្រុង) ចំហាយសប្បាយនៅសល់ពីចូលឆ្នាំ ជាមួយសមិទ្ធិផលថ្មីក្នុងឆ្នាំថ្មី»។
លើសពីនេះ បើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការចុះអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍បន្ដទៀតថា៖ «ឆ្នាំនេះ ខ្ញុំអាចគិតថា នារីនឹងបុរសអាចជួបគ្នានៅលើឡានក្រុង បន្ទាប់ទៅពួកគេនឹងរៀបការជាមួយគ្នា បើដូច្នេះមែន ពេលរៀបការ សូមធ្វើម៉េចផ្ញើមកដល់ខ្ញុំផង ដើម្បីខ្ញុំបានចងដៃ»៕
សូមទស្សនារូបភាពខាងក្រោម៖