ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការចុះស្រាវជ្រាវ ជាមួយកងកម្លាំងជំនាញ នៃការិយាល័យស៊ើបអង្កេត និងអនុវត្តតាមនីតិវិធី នៃផែនការងារអន្ដោប្រវេសន៍ ដោយសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ ដែលឃាត់ខ្លួន រួចនាំស្រ្ដីជនជាតិចិននោះ យកមកសួរនាំ នៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជុំវិញករណីមានគណនីហ្វេសប៊ុកមួយចំនួនបានបង្ហោះថា គួរនាំគ្នាប្រុងប្រយ័ត្ន ជាមួយស្រ្ដីជនជាតិចិនរូបនេះ ចាប់ក្មេងៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង តាមរយៈការសាកសួររបស់ ទៅលើស្រ្ដីជនជាតិចិនរូបនោះ ដោយបានឲ្យដឹងថា នាងបានវង្វេងបាត់កូនប្រុស នៅផ្សារធំថ្មី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ពេលនោះប្រធានផ្សារធំថ្មី ក៏បានប្រទះឃើញក្មេងប្រុសម្នាក់ មានអាយុប្រហែល៣ឆ្នាំ វង្វេងនៅផ្សារថ្មី ដោយរកឪពុកម្ដាយមិនឃើញ ទើបសមត្ថកិច្ចសម្រេចចិត្តទាក់ទង ទៅកាន់អង្គការមិត្តសំឡាញ់ ដើម្បីយកក្មេងប្រុសរូបនោះ ទៅធ្វើការថែទាំ។

លើសពីនេះ ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ មន្រ្ដីជំនាញបានធ្វើការ ខលទាក់ទងទៅកាន់ម្ដាយរបស់ស្រ្ដីចិនរូបនោះ នៅប្រទេសចិន ហើយស្រ្ដីជាម្ដាយនៅឯប្រទេសចិននោះ ក៏បានបញ្ជាក់មកវិញថា ស្រ្ដី និងក្មេងប្រុសរូបនេះពិតជាកូនស្រី ជាមួយចៅរបស់គាត់ពិតប្រាកដមែន ហើយស្រ្ដីជាម្ដាយនៅប្រទេសចិន បានបញ្ជាក់ទៀតថា កូនស្រីរបស់គាត់មានបញ្ហាខួរក្បាល ជាច្រើនឆ្នាំមកហើយ ហើយមានការភ្លេចភ្លាំង និងវង្វេង ជាញឹកញាប់ទៀតផង។

ទន្ទឹមនឹងនេះ យោងតាមការបកស្រាយបំភ្លឺ ករណីរបស់ស្រ្ដីជនជាតិចិនចាប់ក្មេងនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបដិសេធ បន្ទាប់ពីបានឃើញការចុះផ្សាយ នូវព័ត៌មានមិនពិត តាមរយៈបណ្ដាញស្គម របស់គណនីហ្វេសប៊ុកមួយចំនួន ដោយមានលក្ខណៈញុះញង់ បំភ័យ បង្កឲ្យមានភាពអសន្ដិសុខ វឹកវរដល់សង្គម។ មួយវិញទៀត ក្រោយបញ្ចប់ការសាកសួរ សមត្ថកិច្ចជំនាញ បានទាក់ទងនឹងរាយការណ៍ ទៅកាន់ស្ថានទូតសាធារណរដ្ឋប្រជាមានិចិន ដោយអនុវត្តតាមនីតិវិធី រួចបញ្ជូនស្រ្ដីជនជាតិចិនរូបនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងសុំគោលការពីថ្នាក់ដឹកនាំ ដើម្បីបណ្ដេញចេញពី ប្រទេសកម្ពុជា៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរជាតិបាល-General Commissariat of National Police
សូមទស្សនារូបភាពខាងក្រោម៖







