ភ្នំពេញ៖ ថ្មីៗនេះ យោងតាម ផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបង្ហោះសារបញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់អាយុ ១៥ឆ្នាំឡើង ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយពុំចាំបាច់ សមត្ថកិច្ច ឬអាជ្ញាធរជូនដំណឹង ឬអញ្ជើញឱ្យមកធ្វើទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ព័ត៌មានសង្ខេបរួមស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការស្នើសុំផ្តល់ថ្មី ប្តូរ ទុតិយតា ឬកែតម្រូវ សាមីខ្លួនអាយុយ៉ាងតិច ១៥ឆ្នាំ ត្រូវមានវត្តមានដោយផ្ទាល់ ដើម្បីបំពេញបែបបទ និងភ្ជាប់ឯកសារមួយចំនួន តាមទីតាំងដូចខាងក្រោម៖
ក.អំពីឯកសារត្រូវមាន៖
១.ករណីសុំផ្តល់ថ្មី ត្រូវមានឯកសារ៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)
២.ករណីផុត ឬជិតផុតសុពលភាព ត្រូវមានឯកសារ៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមុនផុតសុពលភាពយ៉ាងច្រើន៩០ថ្ងៃ
-ឯកសារសំអាងផ្សេងៗ ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧទាហរណ៍ដូចជាអាសយដ្ឋាន ជាដើមដែលត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ។
៣.ករណីបាត់ ត្រូវស្នើសុំទុតិយតា និងមានឯកសារ៖
ពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្នាក់នៅអចិន្ត្រៃយ៍
៤.ករណីខូច ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច
៥.ករណីកែតម្រូវ ត្រូវមានឯកសារ៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខុសទិន្នន័យ
-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងឯកសារថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម
-ករណីខ្លះទាមទារឯកសារគល់បញ្ជីអត្រានុកូលដ្ឋាន
-សេចក្តីសម្រេចកែតម្រូវ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ
-ឬសេចក្តីសម្រេចរបស់តុលាការ ដែលមានការទទួលស្គាល់ឱ្យកែតម្រូវពីនាយកដ្ឋានអត្រានុកូលដ្ឋាន។ល។
៦.ករណីស្ទួនខ្ចៅដៃ សូមទំនាក់ទំនងផ្ទាល់មកកាន់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬមកនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីដោះស្រាយ។
ខ.ទីតាំងផ្តល់សេវា
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ នៅសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 ។
សាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 មានបម្រើសេវាបន្ថែមថ្ងៃសៅរ៍ និងអាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចថតធ្វើលើសពីមួយដងទេ ក្នុងករណីបាត់ ឬ ខូច លោកអ្នកអាចដាក់ពាក្យបណ្តឹង និងស្នើសុំទុតិយតាបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី។
សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង Pol Lieutenant General Say Mengchheang
សូមទស្សនារូបភាពខាងក្រោម៖

