កាតព្វកិច្ចសារពើពន្ធក្នុងអំឡុងពេលដែលសហគ្រាសផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន

//s9.kh1.co/96/9653f6abd697636d2c23681cffa78f125b801c86.jpg
Khmerhome

 ៣១-តុលា-២០២៤ ៣ល្ងាច · មួយថ្ងៃមុន

សហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មបណ្ដោះអាសន្ន មានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបង់ពន្ធអាករដទៃទៀត (ប្រសិនបើមាន) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

https://s9.kh1.co/__image/w=650,h=366,q=100/a8/a846a4582f8217c269382c7e5edb7d51b10f7cf3.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មបណ្ដោះអាសន្ន មានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបង់ពន្ធអាករដទៃទៀត (ប្រសិនបើមាន) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

នៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ក្រោមប្រធានបទ “កាតព្វកិច្ចសារពើពន្ធក្នុងអំឡុង ពេលផ្អាកសកម្មភាពអាជីវកម្ម” មានវាគ្មិន លោក កុល ម៉ារ៉ាដុល្លា ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ស៊ីវ ស៊ុនហូច អនុប្រធានការិយាល័យនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

បើតាម វាគ្មិន បានលើកឡើងថា ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ននេះ សហគ្រាស៖

-មិនអាចចេញវិក្កយបត្រអាករលើតម្លៃបន្ថែមលើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស

-មិនអាចស្នើសុំបង្វិលសង ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម

-និងមិនអនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពផ្សេងៗ។

បើតាមមន្រ្តីជំនាញទាំងពីរ បានបន្តថា សហគ្រាសទាំងឡាយណាដែលមានបំណងស្នើសុំផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន ត្រូវបំពេញបែបបទនិងនីតិវិធីស្នើសុំមករដ្ឋបាល សារពើពន្ធ តាមជម្រើសមួយណាក៏បានដូចខាងក្រោម៖

១.បំពេញបែបបទនិងដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online)៖ ត្រូវចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែលមាន អាសយដ្ឋាន https://www.tax.gov.kh/km/e-service បន្ទាប់មកបំពេញព័ត៌មានតម្រូវព្រមទាំងឯកសារភ្ជាប់នានាតាម ប្រព័ន្ធគ្រប់គ្រង ការស្នើសុំវិញ្ញាបនបត្រពន្ធដារ លើមុខងារ “ស្នើសុំផ្អាកអាជីវកម្មឬបើកដំណើរការឡើងវិញ។

២. ការបំពេញបែបបទនិងដាក់ពាក្យស្នើសុំដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬតាមរយៈអ៊ីមែល៖ ត្រូវរៀបចំសំណុំឯកសារស្នើសុំមកនាយកដ្ឋាន រដ្ឋបាលនិងកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ(ចំពោះសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ សាខាពន្ធដារខេត្ត-ខណ្ឌ) ឬតាមរយៈអ៊ីមែល [email protected] ដោយត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

-លិខិតស្នើសុំរបស់សហគ្រាស ដោយមានហត្ថលេខាម្ចាស់ឬអ្នកតំណាង និងត្រាក្រុមហ៊ុន

-ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មបណ្ដោះអាសន្ន ឬបើកដំណើរការអាជីវកម្មឡើងវិញ (ទម្រង់ SUS_01) ដោយមាន ហត្ថលេខាម្ចាស់ឬអ្នកតំណាង និងត្រាក្រុមហ៊ុន

-បណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ

- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)

-ករណីជាអ្នកតំណាង ត្រូវភ្ជាប់លិខិតផ្ទេរសិទ្ធិ ឬត្រូវភ្ជាប់កាតបុគ្គលិក អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ និងអ៊ីមែល ករណីអ្នកតំណាង ជាបុគ្គលិកសហគ្រាស។

ចំពោះការស្នើសុំបន្តការផ្អាកសកម្មភាពអាជីវកម្មបណ្ដោះអាសន្ន ឬស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវភ្ជាប់ឯកសារដូចរៀបរាប់ ខាងលើ រួមនឹងលិខិតអនុញ្ញាតឱ្យផ្អាកដំណើរការអាជីវកម្មបណ្ដោះអាសន្នចេញដោយរដ្ឋបាលសារពើពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T