បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Chelsea នឹងចាយលុយចំនួន ២៥ លានអឺរ៉ូ ឬប្រមាណជា (២៦.៣ លានដុល្លារអាមេរិក) តាមលក្ខខណ្ឌដែលបានចង ដើម្បីទិញផ្តាច់យកខ្សែប្រយុទ្ធស្លាប Jadon Sancho ពី Manchester United នៅដំណាច់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរដឹងថា Sancho ត្រូវបាន Man UTD ទិញយកពីក្រុម Borussia Dortmund កាលពីរដូវក្តៅឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៤ ឆ្នាំរូបនេះ បង្ហាញសមត្ថភាពមិនបានដូចអ្វីដែលក្លិបចង់បាន រូបគេក៏ត្រូវបានក្រុមបិសាចក្រហមដាក់ឱ្យ Dortmund ខ្ចីជើងមួយរដូវកាល ហើយរដូវកាលនេះបានបន្តខ្ចីជើងមកកាន់ Chelsea មួយរដូវកាលទៀត អមជាមួយជម្រើសទិញផ្តាច់។
យ៉ាងណាក៏ដោយ បើតាមអ្វីដែលអ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ គឺមានន័យថា Chelsea បានសម្រេចចិត្តរួចរាល់ហើយ ថាពួកគេនឹងទិញផ្តាច់យក Sancho ពី Man UTD នៅរដូវកាលក្រោយតែម្តង។
គួរបញ្ជាក់ថា នៅក្របខណ្ឌ Premier League រដូវកាល ២០២៤-២០២៥ នេះ Sancho បានបង្ហាញខ្លួនចំនួន ៩ ប្រកួតឱ្យ Chelsea ក្នុងនោះគេរកបាន ២ គ្រាប់ និង ៣ assist ផងដែរ៕
ប្រភព៖ Fabrizio Romano