AFD និងEU ផ្ដល់ឥណទានសម្បទាន និងជំនួយឥតសំណងដល់កម្ពុជា១៨៣លានអឺរ៉ូ លើសហប្រតិបត្តិការចំនួន៣

//s9.kh1.co/dc/dc4a199804892c670d85f33530a0cf51b21019dd.jpg
Khmerhome

 ២០-ធ្នូ-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និង​សហភាពអឺរ៉ុប(EU) បានផ្ដល់ឥណទានសម្បទាន និងជំនួយឥតសំណង ដល់កម្ពុជាលើសហប្រតិបត្តិការចំនួន៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២លានដុល្លារ។

https://s9.kh1.co/__image/w=650,h=434,q=100/f8/f8d791dfedb0608721a0963fbed2a66b69fbfb9c.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ​ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និង​សហភាពអឺរ៉ុប(EU) បានផ្ដល់ឥណទានសម្បទាន និងជំនួយឥតសំណង ដល់កម្ពុជាលើសហប្រតិបត្តិការចំនួន៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅ កម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ឥណទាន​សម្បទាន និង​ជំនួយឥតសំណង សហប្រតិបត្តិការចំនួន៣ មានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ប្រមាណ ១៩២,២លានដុល្លារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១ ដូចខាងក្រោម៖

១-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក មានទឹកប្រាក់ចំនួន ៩១លានអឺរ៉ូ ប្រមាណ ៩៥,៦លានដុល្លារ។

គម្រោងនេះ មានគោលបំណង ១.ស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី, ២.គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាម រយៈការពង្រឹងមន្ត្រីកសិកម្មឃុំ និងពង្រឹងសហករណ៍កសិកម្មទំនើប និង ៣.ពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការតាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង។

២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ គឺជាកញ្ចប់ឥណទានទី២ ដែលមានទឹកប្រាក់ចំនួន ៨០លានអឺរ៉ូ ប្រមាណ ៨៤លានដុល្លារ។ កញ្ចប់ឥណទានទី២នេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឱ្យបាន ១៣០,០០០ម៉ែត្រគីបក្នុង១ថ្ងៃ, បំពាក់បំពង់មេនាំទឹក និងពង្រីក ប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្តាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

៣-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១២លានអឺរ៉ូ ប្រមាណ ១២,៦លានដុល្លារ ពី EU តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១.ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្តុះបណ្តាលផ្សេងៗ, និង ២.ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T