បរទេស៖ ការដាក់ពាក្យស្នើសុំរបស់ Barcelona ក្នុងការសុំចុះឈ្មោះខ្សែបម្រើប្រយុទ្ធ Dani Olmo ទៅក្នុងបញ្ជីឈ្មោះផ្លូវការរបស់ក្រុមត្រូវបានបរាជ័យ បន្ទាប់ពីតុលាការបានច្រានចោលលើសំណើមួយនេះ ដូច្នេះមានន័យថា តារាឆ្នើមសញ្ជាតិ អេស្ប៉ាញ អាចនឹងគ្មានឈ្មោះលេងឱ្យក្រុមអ្នកមានបុណ្យចាប់ពីខែ មករា ឆ្នាំ ២០២៥ តទៅចំពោះការប្រកួតដែលនៅសេសសល់ក្នុងរដូវកាល ២០២៤-២០២៥។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សOlmo ត្រូវបាន Barcelona ចុះកុងត្រាយកបានពីក្រុម RB Leipzig របស់ អាល្លឺម៉ង់ កាលពីខែ សីហា កន្លងទៅក្នុងតម្លៃ ៦០ លានអឺរ៉ូ ឬប្រមាណជា (៦២.៥ លានដុល្លារអាមេរិក) ប៉ុន្តែក្នុងការបង្ហាញខ្លួនរបស់គេជាមួយ Barca កន្លងមក គឺក្នុងនាមជាកីឡាករ ដែលត្រូវបានក្លិបចុះឈ្មោះចូលក្រុមជំនួសខ្សែការពារ Andreas Christensen ដែលមានបញ្ហារបួសប៉ុណ្ណោះ។
យ៉ាងណាមិញ រយៈពេលដែល La Liga បានអនុញ្ញាតឱ្យ Olmo ចូលលេងឱ្យ Barcelona បាន គឺត្រឹមតែរយៈពេល ៤ ខែប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែ ធ្នូ ឆ្នាំ ២០២៤ នេះ ហើយគិតមកដល់ឥឡូវនេះក្រុមអ្នកមានបុណ្យនៅតែបន្តជួបប្រទះនូវបញ្ហាវិបត្តិហិរញ្ញវត្ថុទៀត ដែលធ្វើឱ្យពួកគេមិនគ្រប់លក្ខខណ្ឌក្នុងការចុះកុងត្រាកីឡាករថ្មីចូលបានឡើយ ដូច្នេះហើយទើបកាលពីថ្ងៃ សុក្រ ម្សិលមិញ តុលាការពាណិជ្ជកម្មប្រចាំប្រទេស អេស្ប៉ាញ បានសម្រេចចិត្តបដិសេធលើការស្នើសុំនេះតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ Barcelona គឺនៅមិនទាន់បញ្ចប់ត្រឹមនេះនោះទេ ដោយសារព័ត៌មានក្នុងប្រទេស អេស្ប៉ាញ បានរាយការណ៍ថា ពួកគេបានដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការហើយ ដើម្បីជំនុំជំរះរឿងនេះនៅថ្ងៃ ចន្ទ ទី ៣០ មុនពេលកំណត់ត្រូវបានបញ្ចប់៕
ប្រភព៖ BBC